07/10/2026
បទបង្ហាញស្តីពីការប្រើប្រាស់បណ្ណាល័យនៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម
———————————-
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ បណ្ណារក្សនៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានធ្វើបទបង្ហាញស្តីពី «ទីតាំង មុខងារ អត្ថប្រយោជន៍ នៃការប្រើប្រាស់បណ្ណាល័យ» ដល់និស្សិតថ្នាក់បរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍ បន្តពីថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី២ សរុបចំនួន ២៤ រូប ។ បទបង្ហាញនេះសម្របសម្រួលដោយលោកស្រីវរសេនីយ៍ទោ កែវ ឡាលែន នាយផ្នែកបណ្ណាល័យ នៃការិយាល័យបច្ចេកទេស វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។
ក្នុងបរិបទការបណ្តុះបណ្ណាលប្រកបដោយសមត្ថភាព(CBE) វិទ្យាស្ថាន ក្រោមការដឹកនាំដោយឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា តែងតែជម្រុញលើកទឹកចិត្តអោយនិស្សិតព្យាយាមសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអោយការសិក្សារបស់ប្អូនៗមានភាពល្អប្រសើរឡើង។
គួររំលឹកដែរថា បទបង្ហាញរបស់បណ្ណារក្ស មានគោលបំណងសំខាន់មួយចំនួនរួមមាន៖
-ពង្រឹងទម្លាប់នៃការអាន៖ ជំរុញឱ្យនិស្សិតចេះទាញយកប្រយោជន៍ពីឯកសារមេរៀន និងសៀវភៅស្រាវជ្រាវដែលមានស្រាប់ក្នុងបណ្ណាល័យ បន្ទាប់ពីចេញពីថ្នាក់រៀន ។
-ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ៖ ណែនាំពីរបៀបស្វែងរកឯកសារយោងសំខាន់ៗ ដើម្បីគាំទ្រដល់ការសិក្សាក្នុងវិស័យសុខាភិបាល។
-ការអភិវឌ្ឍខ្លួន៖ បង្ហាញពីបណ្ណាល័យដែលជាមជ្ឈមណ្ឌលផ្ទុកចំណេះដឹងមិនចេះរីងស្ងួត សម្រាប់ជួយដល់ការសិក្សាពេញមួយជីវិត។
ក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល និស្សិតទាំងអស់បានយកចិត្តទុកដាក់ស្ដាប់ និងទទួលបាននូវគន្លឹះល្អៗក្នុងការប្រើប្រាស់សេវាកម្មបណ្ណាល័យឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីជាទុនក្នុងការសិក្សា និងការងារទៅថ្ងៃអនាគត។
📖 "បណ្ណាល័យ គឺជាឃ្លាំងនៃបញ្ញា និងស្ពានឆ្ពោះទៅរកភាពជោគជ័យ" ។