Preah Sihanouk Province Investment Promotion Working Group

Preah Sihanouk Province Investment Promotion Working Group ទំព័រផ្លូវការរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម...
04/08/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីពង្រឹងយន្តការការងារ និង កំណត់ទិសដៅអនុវត្តការងារបន្ត
----------

នារសៀលថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារលេខាធិការដ្ឋាន ដើម្បីពង្រឹងយន្តការការងារ និង កំណត់ទិសដៅអនុវត្តការងារបន្ត ក្នុងក្របខ័ណ្ឌនៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨» ។

ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដើម្បីជំរុញការអនុវត្តកម្មវិធីពិសេសឱ្យប្រកបដោយប្រសិទ្ធភាព និង ទទួលបានផ្លែផ្កាដូចការគ្រោងទុក ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយ, លេខាធិការដ្ឋាន ក.វ.ឦសាន ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមចំនួន ២ នោះគឺ ទី១. បន្តឃុំគ្រង និង គាំពារវិនិយោគិន ដែលមានឆន្ទៈវិនិយោគពិតប្រាកដ និង កំពុងមានប្រតិបត្តិការស្រាប់ក្នុងតំបន់, និង ទី២. បំផុស និង ជំរុញការវិនិយោគថ្មីៗ ទាំងវិនិយោគក្នុងស្រុក និង បរទេស និងជាពិសេស ការលើកកម្ពស់ និង ជំរុញការវិនិយោគរបស់ SMEs ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ។

ផ្អែកតាមអភិក្រមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ជូនលេខាធិការដ្ឋាន ក.វ.ឦសាន ត្រូវបន្តពង្រឹងការអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែបុរេសកម្ម ស្វាហាប់ និង មានប្រសិទ្ធភាពជាងមុនបន្ថែមទៀត ក្នុងការសម្របសម្រួលនីតិវិធីវិនិយោគជាកញ្ចប់ និង ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងរបស់វិនិយោគិន តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ៕

វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ នៃអាណត្តិទី២----------នាព្រឹកថ្ងៃទី ៤ ខែ...
04/08/2026

វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ នៃអាណត្តិទី២
----------

នាព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៦ នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើកទី៣ នៃអាណត្តិទី ២ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ដែលជាសមាជិកក្រុមប្រឹក្សាភិបាល និង មន្ត្រីត្រួតពិនិត្យថវិកាប្រចាំវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

អង្គប្រជុំ បានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ៤ រួមមាន៖ (១). របាយការណ៍សមិទ្ធកម្មពាក់កណ្តាលឆ្នាំ ២០២៦ និង ទិសដៅអនុវត្តបន្ត របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, (២). ពិនិត្យពិភាក្សា និង អនុម័តលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និង គម្រោងកញ្ចប់ថវិកាឆ្នាំ ២០២៧, (៣). ពិនិត្យពិភាក្សា និង អនុម័តលើសេចក្តីព្រាងប្រកាសស្តីពី ថ្លៃសេវាបណ្តុះបណ្តាល នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, (៤). ផ្សេងៗ ។

ជារួម, កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី២ លើកទី៣ នេះ បានប្រព្រឹត្តទៅដោយរលូន និង ទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមការរំពឹងទុក ។ តាមរយៈការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅចូលរួមចំណែកគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានជោគជ័យ តាមការរំពឹងទុក ៕

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនា...
31/07/2026

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល និង អង្គភាពពាក់ព័ន្ធ
----------

គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣១ បន្ថែមទៀតបានទទួលឱកាសថ្មី ក្នុងការធ្វើបរិវត្តកម្មការងារពីបែបផលិតកម្ម ទៅការអនុវត្តការងារដើម្បីផលិតភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប គឺ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលនឹងអនុវត្តនីតិវិធីថវិកាចំណាយចរន្តទាំងស្រុងតាមប្រព័ន្ធនេះ ។ នេះជាការបញ្ជាក់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល និង អង្គភាពពាក់ព័ន្ធ” ។

ជាការពិត, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពន្លឿនការកែទម្រង់គ្រប់វិស័យ និង ការធានាកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដែលស្របនឹងលទ្ធផលវាយតម្លៃដោយដៃគូអភិវឌ្ឍន៍នានាថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងផ្ដល់តម្លៃបន្ថែម ដល់ផលិតភាពការងាររបស់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពរដ្ឋបាលសាធារណៈ រួមទាំងវិស័យឯកជន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តនីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុងកន្លងមក នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩ បានផ្ដល់លទ្ធផលគួរជាទីមោទនៈ ជាពិសេស បានកាត់បន្ថយនូវការប្រើប្រាស់ក្រដាសស្នាមលើប្រតិបត្តិការហិរញ្ញវត្ថុ និង បានកាត់បន្ថយជំហាននៃប្រតិបត្តិការប្រើប្រាស់ក្រដាសស្នាមពីចំនួន ៨ ជំហាន មកត្រឹម ៥ ជំហាន និង កាត់បន្ថយរយៈពេលនៃការទូទាត់មកត្រឹម ៣ ថ្ងៃគិតជាមធ្យម ដោយប្រើប្រាស់ FMIS ។ ព័ត៌មាន និង របាយការណ៍ អាចផលិតបានភ្លាមៗ សម្រាប់ការធ្វើសេចក្ដីសម្រេចនានារបស់ថ្នាក់ដឹកនាំ, ទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលផ្ទាល់ ទាំងក្រសួង-ស្ថាប័នអាណាព្យាបាលបច្ចេកទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាពិសេស សម្រាប់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាល ។

លទ្ធផលទាំងនេះ ក៏បានគាំទ្រដោយចំណាប់អារម្មណ៍ របស់តំណាងគ្រឹះស្ថានសាធារណៈរដ្ឋបាល ចំនួន ២ គឺ សកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង រាជបណ្ឌិតសភាកម្ពុជា ដែលបានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្ដែង ដែលទទួលបានពីការប្រើប្រាស់ FMIS បន្ទាប់ពីបានអនុវត្តរួចចាប់តាំងពីដើមឆ្នាំ ២០២៥ កន្លងមក ។ សមិទ្ធផលទាំងនេះ ជាសក្ខីយភាពមួយនៃការបោះជំហានទៅមុខជាលំដាប់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាចំណែកមួយដ៏សំខាន់ក្នុងការធានាការបង្កើនគុណភាព និង ប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងនេះ លើសេវាអប់រំ សុខាភិបាល សង្គមកិច្ច ទេសចរណ៍ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង វប្បធម៌ ជាដើម ដែលនឹងក្លាយជាបច្ច័យដ៏សំខាន់បំផុត សម្រាប់នាំឱ្យសេដ្ឋកិច្ច និង សង្គមកម្ពុជា កាន់តែមានការរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

កម្មវិធីបញ្ជ្រាបការយល់ដឹងលើការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣១ រួមទាំងក្រសួងជាអាណាព្យាបាល និង អង្គភាពពាក់ព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ នេះ មានគោលបំណងរៀបចំការងារសម្រាប់ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដែលនឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅដើមឆ្នាំ ២០២៧ ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង មន្រ្តីជំនាញជាង ១៧០ រូប ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី អត្ថប្រយោជន៍ និង ការត្រៀមរៀបចំដាក់ឱ្យអនុវត្ត FMIS ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលនៅសេសសល់ បន្ទាប់ពីបានដាក់ឱ្យដំណើរការសាកល្បង នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩ នៅដើមឆ្នាំ ២០២៦ កន្លងមកនេះ ។

ក្នុងការសម្រេចឱ្យបាននូវការងារខាងលើនេះ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលនៅសេសសល់ចំនួន ៣១, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការ នៃគ្រឹះស្ថាន និង អង្គភាពពាក់ព័ន្ធទាំងអស់ បន្តពង្រឹងភាពជាម្ចាស់ និង អភិវឌ្ឍសមត្ថភាព ជូនបុគ្គលិកមន្រ្តីរាជការទទួលបន្ទុក តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ផ្ដល់កិច្ចសហការ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការកែលម្អនីតិវិធីអនុវត្តការងារតាម FMIS, អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រួមគ្នាអនុវត្តការងារ ដោយតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបគណៈប្រតិភូក្រុមហ៊ុន MinebeaMitsumi Inc. ដែលដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yo...
29/07/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបគណៈប្រតិភូក្រុមហ៊ុន MinebeaMitsumi Inc. ដែលដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុន
----------

នាព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន MinebeaMitsumi Inc. ដែលដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុន ដើម្បីជួបសំដែងការគួរសម និង ពិភាក្សាអំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ផែនការវិនិយោគនាពេលខាងមុខ និង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន MinebeaMitsumi Inc. និងបានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការរក្សាបរិយាកាសវិនិយោគ ដែលមានតម្លាភាព អាចព្យាករបាន និង ផ្តល់អំណោយផលខ្ពស់សម្រាប់វិស័យឯកជន ។

ក្នុងជំនួបនេះ, លោក Yoshihisa Kainuma បានជម្រាបអំពីស្ថានភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ក្នុងរយៈពេល ១៥ ឆ្នាំនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ គិតចាប់ពីការផ្តើមប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១១, ក្រុមហ៊ុន Minebea Cambodia បានក្លាយជាវិនិយោគិនជប៉ុនដ៏សំខាន់មួយនៅកម្ពុជា ដោយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាជាង ៨ ៥០០ នាក់ និង បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និង ការអនុវត្តកាតព្វកិច្ចពន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរជំនាញ និង ការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតកម្ពុជា ព្រមទាំងការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ។

លោក Yoshihisa Kainuma បានជម្រាបជូនបន្ថែមអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងជួយពង្រឹងតួនាទីរបស់កម្ពុជា ក្នុងខ្សែច្រវាក់តម្លៃសកល និង ការផលិតដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងបានលើកឡើងនូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលទាមទារការចូលរួមសម្របសម្រួល របស់ក្រុមការងារអភិវឌ្ឍវិស័យឯកជន និង ក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅជំរុញប្រសិទ្ធភាពអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យកាន់តែប្រសើរឡើង ។

ជាការឆ្លើយតប, ឯកឧត្តមបណ្ឌិតសភាចារ្យ បានប្តេជ្ញាចិត្តចូលរួមផ្តល់ការសម្របសម្រួល ឱ្យបានល្អជាអតិបរមា រហ័ស និង មានប្រសិទ្ធភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរកិច្ច និង វិនិយោគរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងការចូលរួម ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍធនធានមនុស្ស និង ការផ្ទេរបច្ចេកវិទ្យា, ជាពិសេស ក្នុងវិស័យដែលមានសារៈសំខាន់សម្រាប់លើកកម្ពស់ការប្រកួតប្រជែង និង ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ។

ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និង ប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និង ការសន្ទនាប្រកបដោយស្ថាបនា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះការបន្តជឿជាក់ និង ការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅព្រះរាជាណាចក្រកម្ពុជា និង ទន្ទឹងរង់ចាំការពង្រឹងភាពជាដៃគូកាន់តែរឹងមាំបន្ថែមទៀត នាពេលអនាគត ៕

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិនិត្យលើគោលនយោបាយ និង បទប្បញ្ញត្តិនៃការនាំចេញសត្វចិញ្ចឹម សម្រាប់បម្រើដ...
28/07/2026

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិនិត្យលើគោលនយោបាយ និង បទប្បញ្ញត្តិនៃការនាំចេញសត្វចិញ្ចឹម សម្រាប់បម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រជីវសាស្ត្រ ក្រោមគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
----------

នារសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិនិត្យលើគោលនយោបាយ និង បទប្បញ្ញត្តិនៃការនាំចេញសត្វចិញ្ចឹម សម្រាប់បម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រជីវសាស្ត្រ ក្រោមគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, លេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន និង មន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ក្នុងការស្វែងរកដំណោះស្រាយគោលនយោបាយ និង ច្រកចេញផ្នែកនីតិកម្ម ប្រកបដោយសង្គតិភាព ដើម្បីជួយសម្រួលបរិយាកាសវិនិយោគ និង ជំរុញការនាំចេញរបស់កសិដ្ឋានចិញ្ចឹមសត្វ ដែលបម្រើដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជីវសាស្ត្រ ។

អង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃវិស័យនេះ ដោយកត់សម្គាល់ថា កម្ពុជាកំពុងក្លាយជាមូលដ្ឋានផ្គត់ផ្គង់ សម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជីវសាស្ត្រ, ហើយការផ្តល់ដំណោះស្រាយ និងការលើកទឹកចិត្ត ដល់ការចិញ្ចឹមក្នុងកសិដ្ឋាន សម្រាប់គោលដៅវិទ្យាសាស្ត្រនេះ គឺជាការឆ្លើយតបទៅនឹងស្មារតីនៃការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម និង ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) លើវិស័យថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ ៕

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ប្រជុំពិភាក្សាលើកទី ៦ ដើម្បីពិនិត្យ និង សម្រេច លើគម្រោងវិនិយោគចំនួ...
28/07/2026

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ប្រជុំពិភាក្សាលើកទី ៦ ដើម្បីពិនិត្យ និង សម្រេច លើគម្រោងវិនិយោគចំនួន ៣ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគសរុប ១០៨ លានដុល្លារ
----------

នាព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសាន លើកទី៦ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង ៤ ដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យ និង អនុម័តគម្រោងវិនិយោគចំនួន ៣ ក្នុងវិស័យកសិកម្ម, រួមមាន ការដាំដុះដើមកាហ្វេ និង កាកាវ, ការចិញ្ចឹមសត្វចម្រុះ និង សត្តឃាតដ្ឋាន, និង ការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម, ដែលវិនិយោគទាំង ៣ នេះនឹងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ៧០០ នាក់ និង បន្ថែមមូលធនប្រមាណ ១០៨ លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា ។

ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា, ទោះបីពិភពលោកកំពុងជួបនូវបញ្ហាប្រឈមជាច្រើន, កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញដល់វិនិយោគ, ទាំងក្នុងស្រុក និង បរទេស។ ជាក់ស្តែង, ក្រុមហ៊ុនចិនធំៗបានបង្ហាញពីគោលបំណងពង្រីកបន្ថែមវិនិយោគរបស់ខ្លួននៅកម្ពុជា នៅក្នុងជំនួបបន្តបន្ទាប់ជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាឱកាសដែលសម្តេចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិន កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ។ ក្នុងន័យនេះ, ក្រុមការងារត្រូវបន្តការខិតខំសម្របសម្រួល ប្រកបដោយស្មារតីបុរេសកម្ម និង ប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ការលើកទឹកចិត្តនានា និង ការសម្រួលនីតិវិធីជាកញ្ចប់ ដើម្បីពង្រឹងការជឿទុកចិត្តពីវិនិយោគិនជាតិ និង អន្តរជាតិ សំដៅបន្តលើកកម្ពស់បរិយាកាសវិនិយោគ និង ធ្វើឱ្យកម្ពុជាបន្តជាគោលដៅវិនិយោគដ៏សំខាន់ ក្នុងតំបន់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការសម្របសម្រួលនីតិវិធី និង ការផ្តល់ការលើកទឹកចិត្តពិសេសជូនវិនិយោគិន ត្រូវធ្វើឡើងដោយបុរេសកម្ម ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យកាន់តែប្រសើរឡើង ដោយការចូលរួម «ការដោះស្រាយបញ្ហាជាកញ្ចប់» ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និង ការតម្កល់នូវស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ។ ដោយឡែក, បន្ទាប់ពីទទួលបានការសម្របសម្រួល និង លើកទឹកចិត្តពិសេសទាំងនេះ, វិនិយោគិនត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង ស្របតាមផែនការដែលបានស្នើសុំ, ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការបណ្តុះបណ្តាល និងការផ្ទេរជំនាញ, និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្មពីការផលិត រហូតដល់ការកែច្នៃដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានដឹកនាំពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលត្រូវដោះស្រាយជាបន្ទាន់ សំដៅជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ ។ ខណៈនោះ, ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានប្តេជ្ញាចិត្តខ្ពស់ចូលរួមផ្តល់ការសម្របសម្រួល ឱ្យបានល្អជាអតិបរមា រហ័ស មានតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរកិច្ច និង វិនិយោគ សំដៅជំរុញសកម្មភាពវិនិយោគ ឱ្យបានច្រើនទៅក្នុងខេត្តគោលដៅទាំង ៤ ។

មុននឹងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកានៃក្រុមការងារ ចំពោះការសម្របសម្រួលទាំងឡាយជូនវិនិយោគិន ដើម្បីធ្វើឱ្យកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យខ្ពស់ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាជនកម្ពុជា ៕

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិនិត្យលើកិច្ចសន្យាសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុថ្មី----------នារសៀលថ...
27/07/2026

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិនិត្យលើកិច្ចសន្យាសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុថ្មី
----------

នារសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិនិត្យ និង សម្រេចលើកិច្ចសន្យាសាងសង់បញ្ចប់ “អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី” ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង តំណាងរដ្ឋបាលខេត្តព្រះសីហនុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, លេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន, តំណាងក្រុមហ៊ុន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងកិច្ចសន្យាថ្មី ដែលបានកែសម្រួល ដើម្បីធានាអនុឡោមភាពតាមនីតិវិធីលទ្ធកម្ម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុគ្រោះពន្ធកាត់ទុកជាបន្ទុករបស់រដ្ឋ ។ កិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅជួយសម្រាលបន្ទុកចំណាយ និង ជំរុញពន្លឿនការដោះស្រាយបញ្ហាអគារជាប់គាំង ឱ្យលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗ ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត ដឹ...
23/07/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត ដឹកនាំកិច្ចប្រជុំពិភាក្សាលើឧស្សាហកម្មយានយន្តក្នុងស្រុក និង ការប្រកួតប្រជែងក្នុងវិស័យយានយន្ត
----------

នារសៀលថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើឧស្សាហកម្មយានយន្តក្នុងស្រុក និង ការប្រកួតប្រជែងក្នុងវិស័យយានយន្ត ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែ និង ថាមពល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ព្រមទាំងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគោលនយោបាយ ។

កិច្ចពិភាក្សាបានផ្តោតលើទិដ្ឋភាព ចំនួន ៣ គឺ ១) ការប្រើប្រាស់យានយន្តអគ្គិសនី និង ផលិតកម្មយានយន្តក្នុងស្រុក ២) អនុលោមភាពនៃបទប្បញ្ញត្តិក្នុងវិស័យយានយន្ត និង ៣) បរិយាកាសប្រកួតប្រជែងក្នុងវិស័យយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញឧស្សាហកម្មយានយន្តក្នុងស្រុក និង ការប្រើប្រាស់យានយន្តអគ្គិសនី ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិ ។ ការប្រែប្រួលថ្មីៗនេះ ទាំងក្នុងក្របខណ្ឌសកល តំបន់ និង ក្នុងប្រទេស តម្រូវឱ្យកម្ពុជា សិក្សា និង ពិនិត្យមើលការអនុវត្តគោលនយោបាយ និង វិធានការនានា ដើម្បីឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល និង បំណងប្រថ្នារបស់ប្រជាជន ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និង អង្គភាពពាក់ព័ន្ធ បន្តសហការជិតស្និទ្ធក្នុងការសិក្សា និង វាយតម្លៃ អំពីឧស្សាហកម្មយានយន្ត ដើម្បីពង្រឹងបរិយាកាសវិនិយោគ លើកកម្ពស់ការផលិត និង ការផ្គុំនិងដំឡើងយានយន្តក្នុងស្រុក សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តកម្ពុជា ប្រកបដោយភាពប្រកួតប្រជែង និង ចីរភាព ៕

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ក្រោមទុនវិនិយោគជា...
23/07/2026

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារ និង អាចបង្កើតឱកាសការងារប្រមាណ ៨០០ កន្លែង
----------

នារសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៦ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ចំនួន ១០ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គម្រោងទាំងនេះ រួមមាន គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និង មធ្យម (SME Cluster), គម្រោងរោងចក្រកែច្នៃលោហធាតុ, គម្រោងរោងចក្រកែច្នៃក្តារបន្ទះ, គម្រោងរមណីយដ្ឋាន និង រីសត, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ៨០០ កន្លែង ។

គិតចាប់ពីឆ្នាំ ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៤៩១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤ ប៊ីលានដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំង ៤៩១ នេះ រួមមាន ៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៦, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៣៥, គម្រោងពង្រីកចំនួន ២៥, និង គម្រោងមានស្រាប់ចំនួន ១៥ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសិក្សាអំពីបរិយាកាសវិនិយោគបច្ចុប្បន្ននៅខេត្តព្រះសីហនុ ពាក់ព័ន្ធស្ថានភាពពិភពលោក តំបន់ និង ក្នុងស្រុក ដោយបានសម្ភាសជាមួយម្ចាស់គម្រោង និង សង្កេតអំពីស្ថានភាពវិនិយោគនៅក្នុងខេត្ត ។ ជាលទ្ធផល, អ្នកឆ្លើយសម្ភាស យល់ថា វិធានការថ្មីៗរបស់រាជរដ្ឋាភិបាល បាន និង កំពុងបង្កើត និង ស្តារទំនុកចិត្តវិនិយោគ ដែលតាមនេះ សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និង ទេសចរណ៍ នៅបន្តមានសកម្មភាព ហើយសកម្មភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅមានសញ្ញាណល្អប្រសើរ ស្របពេលដែលក្រសួងស្ថាប័ន ក្រុមការងារ និង រដ្ឋបាលខេត្តព្រះសីហនុ បាន និង កំពុងបន្តខិតខំទាក់ទាញវិនិយោគ ។ ទន្ទឹមនេះ, វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុ មាននិន្នាការប្រើប្រាស់វត្ថុធាតុដើម ពីរោងចក្រសហគ្រាសក្នុងស្រុក ដូចជា ឈើដាំក្នុងស្រុក កម្ទេចឈើ ម្សៅដំឡូងមី កៅស៊ូ និង អំបិល ជាដើម ។ និន្នាការនេះ ជាកាលានុវត្តភាពបន្ថែមសម្រាប់ការវិនិយោគ ដែលទាមទារឱ្យមានការបន្តជំរុញ គាំទ្រ និង សម្របសម្រួល ពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមធ្វើកិច្ចការជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធ និង ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ស្របតាមអភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ" ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យបានជោគជ័យ ហើយត្រូវធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់ ដើម្បីដោះស្រាយបញ្ហារបស់វិនិយោគិន "ជាកញ្ចប់" និង មានសង្គតិភាព ។ រាល់ការសម្របសម្រួលនីតិវិធី ការផ្តល់ការលើកទឹកចិត្ត និង ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ធុរជន ត្រូវតែធ្វើឡើងដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី ។ វិនិយោគិនអាចទំនាក់ទំនងមកការិយាល័យរបស់ក្រុមការងារ នៅ ៖
១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង
២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៦ និង ទិសដៅអនុវត្តក...
17/07/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៦ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៦ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៤
----------

ក្នុងគោលបំណងពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ដែលក្រុមការងារសម្រេចបាន ព្រមទាំង ដោះស្រាយនូវបញ្ហាប្រឈម ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៦ និង ផែនការគម្រោង FMIS ជំហានទី ៤ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នំា ២០២៦ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង តំណាង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គាធិការដ្ឋាន, អគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីកិច្ចសហការជិតស្និទ្ធពីសំណាក់អគ្គនាយកដ្ឋានគន្លឹះពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមរយៈការចូលរួមជាធាតុចូល មតិយោបល់ និង ពេលវេលា ជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រហូតឈានទៅសម្រេចបាននូវសមិទ្ធផល និង វឌ្ឍនភាពល្អប្រសើរ ព្រមទាំងទទួលស្គាល់ពីបណ្តាក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ អំពីសារៈសំខាន់ និង គុណតម្លៃនៃការអនុវត្ត FMIS ក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ជាពិសេស ការដាក់ឱ្យការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ។

តាមរយៈលទ្ធផលគិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៦, ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន៩៦% ធៀបនឹងសូចនាករដែលបានដាក់ឱ្យអនុវត្ត ដែលក្នុងនោះវឌ្ឍនភាពគន្លឹះៗ រួមមាន៖ ការពង្រីកការដ្ឋានប្រើប្រាស់ថ្មីក្នុង FMIS, ការអភិវឌ្ឍមុខងារលទ្ធកម្មអេឡិចត្រូនិក (e-GP) និង ការធ្វើសន្ធានកម្មប្រព័ន្ធខាងក្រៅ, ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និង ការអនុវត្តគម្រោង អ៊ីនត្រាណិតតេជោ, ការអភិវឌ្ឍនូវរបាយការណ៍កើនឡើងដល់ចំនួន ៨១ របាយការណ៍ ដែលត្រូវបានប្រើប្រាស់ដោយបណ្តាអង្គភាពថវិកា នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ យោងតាមទិន្នន័យចំណូល-ចំណាយក្នុងពេលជាក់ស្តែង (Real-time Data), ប្រព័ន្ធ FMIS បានបង្ហាញនូវសក្តានុពលធំធេង ក្នុងការលុបបំបាត់វប្បធម៌ «ចង្អុលដាក់គ្នា» រវាងមន្ត្រី និងមន្ត្រី ឬរវាងអង្គភាព និងអង្គភាព តាមរយៈការធ្វើឱ្យមានតម្លាភាព គណនេយ្យភាព និង អាចតាមដានទិន្នន័យ និង ដំណាក់កាលនៃការអនុវត្តការងារ បានយ៉ាងច្បាស់លាស់ ។

នៅក្នុងកិច្ចប្រជុំនេះដែរ, តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបង្ហាញនូវចំណាប់អារម្មណ៍ និង វាយតម្លៃខ្ពស់ចំពោះអត្ថប្រយោជន៍របស់ FMIS ដែលបានជួយសម្រួលដល់ការអនុវត្តថវិកា និង ហិរញ្ញវត្ថុសាធារណៈ បានយ៉ាងល្អប្រសើរ ជាពិសេស បានគាំទ្រដល់ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា, ហើយអគ្គនាយកដ្ឋានពាក់ព័ន្ធ នឹងនៅតែបន្តផ្តល់កិច្ចសហការ ចូលរួម ជាមួយលេខាធិការដ្ឋានក្រុមការងារ FMIS លើកិច្ចការបន្តបន្ទាប់ទៀត ដើម្បឱ្យគម្រោង FMIS ដំណើរការបានដោយរលូន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានលើកឡើងបន្ថែមថា កន្លងមកក្រសួង-ស្ថាប័នមួយចំនួន នៅពុំទាន់មានការយល់ដឹងឱ្យបានទូលំទូលាយ អំពីសារៈសំខាន់ និង អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការគ្រប់គ្រងថវិកានៅឡើយ ។ ការណ៍នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និង ការបណ្តុះបណ្តាល ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ធ្វើការស្វែងយល់ និង អាចទាញយក “ឧត្តមប្រយោជន៍” ជាអតិបរមាពីការប្រើប្រាស់ប្រព័ន្ធ FMIS ។

ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានផ្តល់អនុសាសន៍លើកទឹកចិត្ត និង ជំរុញឱ្យក្រុមការងារឱ្យបន្តធ្វើការងារនេះ ប្រកបដោយឆន្ទៈមោះមុត ជាពិសេស បន្តពង្រឹង និង ពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីដើរឱ្យទាន់បរិវត្តកម្មឌីជីថល ព្រមទាំងប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ និង សហការឱ្យបានល្អ ជាមួយភាគីពាក់ព័ន្ធ សំដៅចូលរួមបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ FMIS ឱ្យអស់សក្តានុពល ៕

Address

St. 92, Sangkat Wat Phnom, Khan Daun Penh
Phnom Penh

Telephone

+85589726028

Website

Alerts

Be the first to know and let us send you an email when Preah Sihanouk Province Investment Promotion Working Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Preah Sihanouk Province Investment Promotion Working Group:

Shortcuts

Share