05/06/2026
ខេត្តស្វាយរៀង៖ ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី “ការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សីលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ក្រុមការងារថ្នាក់ជាតិ និងមានការអញ្ជើញចូលរួមពីសមត្ថកិច្ចខេត្ត ក្រុង យុវជន រដ្ឋបាលក្រុងស្វាយរៀង សង្កាត់ និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ សរុបចំនួន ១៣២នាក់។🙏💕
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញឲ្យមានការយកចិត្តទុកដាក់ និងការចូលរួមទាំងអស់គ្នា ក្នុងការចាត់ទុកការរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ការគិតគូរការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍គឺជាការបំពេញកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាម្ចាស់ផ្ទះ ក្នុងន័យដើម្បីផ្តល់ភាពកក់ក្តៅ ក៏ដូចជាធ្វើឲ្យភ្ញៀវទេសចរមានទំនុកចិត្តខ្ពស់ក្នុងពេលធ្វើដំណើរកម្សាន្តនៅកម្ពុជា។👌🙂
តាមរយៈសិក្ខាសាលានេះដែរ ឯកឧត្តមជឿជាក់ថា បងប្អូនសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មី ដែលជួយពង្រឹង និងពង្រីកការយល់ដឹងកាន់តែទូលំទូលាយ ដើម្បីចូលរួមចំណែកកាន់តែច្រើនក្នុងការលើកកម្ពស់សុវត្ថិភាពភ្ញៀវទេសចរ ក្នុងគោលដៅរួមមួយដើម្បីបង្កើនភាពទាក់ទាញ ភាពជឿទុកចិត្ត និងភាពពេញចិត្តវិស័យទេសចរណ៍របស់យើងប្រកបដោយភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ។
ឯកឧត្តមមានប្រសាសន៍បញ្ជាក់ទៀតថា យើងទាំងអស់គ្នាត្រូវចូលរួមសហការជាមួយកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធលើកកម្ពស់សុវត្ថិភាពភ្ញៀវទេសចរដើម្បីបង្កើនការជឿទុកចិត្តទាក់ទាញកាន់តែខ្លាំងឡើង លើសពីនេះទៀត យើងត្រូវចូលរួមទាំងអស់គ្នាដើម្បីផ្សព្វផ្សាយព័ត៌មានពិតអំពីសន្តិសុខ និងសុវត្ថិភាពនៅកម្ពុជានៅលើឆាកអន្តរជាតិ និងចូលរួមលុបបំបាត់ព័ត៌មានមិនល្អ ឬព័ត៌មានក្លែងក្លាយដែលធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះប្រទេសរបស់យើង។
សិក្ខាសាលានេះ ក៏បានរៀបចំជាកិច្ចពិភាក្សាជារួម Panel discussion ស្ដីពី "សារៈសំខាន់នៃការចូលរួមលើកកម្ពស់សុវត្ថិភាពទេសចរណ៍ក្នុងខេត្តស្វាយរៀង" ដែលមានអ្នកសម្របសម្រួលមកពីក្រសួងទេសចរណ៍ និងវាគ្មិនកិត្តិយសមកពី នាយកដ្ឋាននគរបាលទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្ត ស្នងការរដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំណាងអជីវកម្មសេវាកម្មទេសចរណ៍ ដែលផ្តល់ឱកាសជូនអ្នកចូលរួមទាំងអស់លើកជាសំណួរ ឬបទពិសោធន៍ដែលជួបប្រទះមកដោះស្រាយផងដែរ។🙏🙏💕