05/08/2026
លិខិតជូនពរ
សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវ សព្ទសាធុការពរជ័យ ចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លានៃឱកាស ខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយកត្តញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះគំរូវីរភាពដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និង គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងនាមជាអគ្គមគ្គទេសក៍ឯក “បិតាស្ថាបនិកសន្តិភាពកម្ពុជា” ដែលបានបង្កើតនូវស្នាដៃ និង សមិទ្ធផលប្រវត្តិសាស្ត្រជាតិធំៗជាច្រើនសន្ធឹកសន្ធាប់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាជន ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំង បានកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជា ឆ្នាំ២០៥០” ហើយក្នុងតួនាទីជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានបន្តដឹកនាំស្ថាប័នអង្គនីតិប្បញ្ញត្តិកំពូល របស់ជាតិ ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីៗ ជាច្រើនគួរឱ្យស្ញប់ស្ញែងបំផុត។
ក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវភក្ដីភាព ដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា។