19/08/2026
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក អុីវ សុខុម អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហៃគូ បានអញ្ជើញ ចូលជួបសម្តែងការគួរសមជាមួយ លោក Feng Xingjie អនុប្រធាននាយកដ្ឋានដឹកជញ្ជូនក្រុងហៃគូ នៃខេត្តហៃណាន និងលោក Li Hongzhi នាយកគ្រប់គ្រងផ្នែកទីផ្សារ នៃអាកាសយានដ្ឋានអន្តរជាតិ Haikou Meilan ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នា អំពីកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍រវាងកម្ពុជា និងខេត្តហៃណាន ជាពិសេសទីក្រុងហៃគូ។
ក្នុងឱកាសនេះ នាយកដ្ឋានដឹកជញ្ជូននៃទីក្រុងហៃគូ បានលើកឡើងថាដោយប្រើប្រាស់គោលនយោបាយអនុគ្រោះពន្ធរបស់កំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន នាយកដ្ឋានដឹកជញ្ជូន នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែស៊ីជម្រៅរវាង ខេត្តហៃណាន និងកម្ពុជា ក្នុងការដឹកជញ្ជូន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសផ្តោតលើវិស័យអាកាសចរណ៍។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Hainan Airline និង Air Cambodia បានធ្វើកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាកាសយានដ្ឋានអន្តរជាតិ Haikou Meilan ដោយគ្រោងបើកផ្លូវហោះហើរធ្វើដំណើរទៅមកដោយផ្ទាល់រវាងទីក្រុង Haikou និងភ្នំពេញក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ (ក្រុមហ៊ុនអាកាសចរណ៍ Hainan Airline) និងខែធ្នូ (Air Cambodia C909)។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិ Haikou Meilan និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៃប្រទេសកម្ពុជា មានបំណងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការបើកផ្លូវអាកាសហោះហើរត្រង់រវាង ទីក្រុងហៃគូ-ខេត្តសៀមរាប ក្នុងពេលឆាប់ៗខាងមុខនេះបន្ថែមទៀត។