25/07/2026
ក្នុងឱកាស នៃពិធីបុណ្យចូលព្រះវស្សាដែល នឹងឈានមក
ដល់នាពេលខាងមុខ ថ្នាក់ដឹកនាំខេត្តរតនគិរី ប្រគេនទៀន វស្សាដល់ព្រះសង្ឃចំនួន ២០វត្ត ក្នុងខេត្ត
នាព្រឹកសៅរ៍ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២០វត្ត ក្នុងខេត្ត
រតនគិរី។ ពិធីប្រគេនប្រារព្ធឡើងនៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយសង្កាត់ បឹងកន្សែង ក្រុងបានលុង ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញបូជាគ្រឿងសក្ការៈ មានទៀន ធូប ផ្កា និងទឹកអប់ ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិ និងគុណព្រះរតនត្រ័យ។ បន្ទាប់មក បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍ ព្រមទាំងវេរប្រគេនទេយ្យទានចំពោះព្រះសង្ឃទាំង២០វត្ត និងបានអញ្ជើញរាប់បាត្រ ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ផងដែ។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនេះផងដែរ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សា ដែលពុទ្ធបរិស័ទតែងតែនាំគ្នានាំយកជាសាដក អង្ករ ភេសជ្ជៈ និងគ្រឿងប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស។ ពិធីបុណ្យចូលព្រះវស្សា មានរយៈ
ពេល ០៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលជារយៈពេលមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។
សូមជម្រាបជូនថា ទេយ្យវត្ថុដែលវេរប្រគេនព្រះសង្ឃទាំង ២០វត្តនាឱកាសនោះ ដោយវត្ត នីមួយៗទទួលបាន ទឹកត្រីចំនួន១យួរ.ទឹកស៊ីអុីវ១យួរ.អំបិល១០គីឡូ.ប៊ីចេង៣
គីឡូ.ទឹកសុទ្ធ វឌ្ឍនៈ១ កេស.ភេសជ្ជៈវឌ្ឍនៈ១កេស.ទៀន
វស្សា១គូ.អង្ករ១០០គីឡូ និងបច្ច័យ ចំនួន ៣០០,០០០រៀល៕