31/07/2026
ពិធីបញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System "FMIS") ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាល។
- - -
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងដ៌ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម អមដោយមន្ត្រីជំនាញ បានចូលរួមពិធីបញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System "FMIS") ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ កម្មវិធីនេះ មានគោលបំណងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ FMIS និងការត្រៀមលក្ខណៈសម្រាប់ការទទួលបានការបណ្តុះបណ្តាលលើការអនុវត្តនីតិវិធីតាម FMIS នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងឆ្ពោះទៅការអនុវត្តពេញលេញនៅដើមឆ្នាំ២០២៧ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣១ បន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យក្នុងការដាក់ឱ្យអនុវត្ត FMIS ទៅកាន់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩ រួចហើយ ចាប់ពីឆ្នាំ២០២៤ ដល់២០២៥ កន្លងមកនេះ។ ជាមួយគ្នានេះដែរ មូលនិធិជាតិជំនួយសង្គម ស្ថិតក្នុងចំណោមគ្រឹះស្ថានសាធារណៈរដ្ឋបាល បន្ថែមថ្មីចំនួន៣១ ដែលនឹងទទួលបានការបណ្តុះបណ្តាលលើការអនុវត្តនីតិវិធីតាម FMIS នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦នេះ និងឆ្ពោះទៅការអនុវត្តពេញលេញនៅដើមឆ្នាំ២០២៧ ផងដែរ។ កម្មវិធីនេះ មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីគ្រឹះស្ថានសាធារណៈរដ្ឋបាល ចំនួន ៤០ គ្រឹះស្ថាន។
🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA