01/08/2026
អបអរសាទរការបិទបញ្ចប់ដោយជោគជ័យនូវ "វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៩"
វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៩ ត្រូវបានរៀបចំពិធីបើកយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ពិធីបើកនេះ ក៏មានការអញ្ជើញចូលរួមជាទីមោទនៈពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់កំពូលៗរបស់ក្រសួងព័ត៌មានជាច្រើនរូប ក្នុងនោះរួមមាន ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន, ឯកឧត្តម ផុស សុវណ្ណ រដ្ឋលេខាធិការ និងជាអគ្គនាយកសោតទស្សន៍, ឯកឧត្តម ជុំ កុសល ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀតជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី អង្គពិធីទាំងមូលបានក្រោកឈរគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព និងអ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ យ៉ាងស្ងៀមស្ងាត់ និងឧឡារិកបំផុត។ បន្ទាប់មក ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសប្រគល់ជូននូវបណ្ណសរសើរដល់ លោកបណ្ឌិត ហ៊ុន មករា, លោក មីន ចាន់ធី និង លោក ហែម ប្រសិទ្ធ ដែលជាប្រធានសមាគមទាំងបី ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងវិស័យព័ត៌មាន។
វគ្គបណ្ដុះបណ្ដាលលើកទី៩ នេះ ទទួលបានការសហការគាំទ្រពី ក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មានចូលរួមសរុបចំនួន ១៨០នាក់ ដែលអញ្ជើញមកពី ៥០អង្គភាព ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន ឱ្យស្របតាមការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងពង្រឹងគុណភាពការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
វគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ បានផ្ដល់ចំណេះដឹងលើប្រធានបទធំៗរួមមាន៖
១- អក្ខរកម្មបញ្ញាសិប្បនិម្មិតសម្រាប់អ្នកសារព័ត៌មាន និងការប្រើប្រាស់ AI ប្រកបដោយទំនួលខុសត្រូវ។
២- ការផ្ទៀងផ្ទាត់ព័ត៌មាន (Fact-checking) និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
៣- ការរាយការណ៍ព័ត៌មានក្នុងស្ថានភាពវិបត្តិ និងជម្លោះ ដោយគោរពតាមស្ដង់ដារវិជ្ជាជីវៈសារព័ត៌មាន។
ដោយឡែក សម្រាប់កម្មវិធីបិទបញ្ចប់ និងការប្រគល់វិញ្ញាបនបត្រកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២៦ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកផ្នែកសមាគម។
កម្មវិធីនេះមានការអញ្ជើញចូលរួមផ្ដល់កិត្តិយសចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាម ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងប្រធានសមាគមទាំង ៣ រួមមាន៖
លោកបណ្ឌិត ហ៊ុន មករា ប្រធាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព
លោក មីន ចាន់ធី ប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព
លោក ហែម ប្រសិទ្ធ ប្រធាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាសន្តិភាព
កម្មវិធីទាំងមូលបានបិទបញ្ចប់ទៅដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់! សូមអបអរសាទរដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ! 👏
#វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន #ក្រសួងព័ត៌មាន #សារព័ត៌មាន