15/07/2026
ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនិងអនុវត្តការប្រើប្រាស់ប្រព័ន្ធកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (Electronic Medical Record - EMR) សម្រាប់មន្រ្តី និងបុគ្គលិកមណ្ឌលសុខភាពទាំង១១ ក្នុងស្រុកទ្រាំង
ទ្រាំង៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រសណីយ៍និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនិងអនុវត្តការប្រើប្រាស់ប្រព័ន្ធកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (Electronic Medical Record - EMR) សម្រាប់មន្រ្តី និងបុគ្គលិកមណ្ឌលសុខភាពទាំង១១ ក្នុងស្រុកទ្រាំង ដោយមានការអញ្ជើញចូលរួមពី លោក ងិន ងិនដា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ លោក ព្រំ ឆាត សមាជិកក្រុមប្រឹក្សាស្រុកទ្រាំង លោក ទេព ស៊ីនឿន អភិបាលរងស្រុកទ្រាំង លោកស្រី ប៉ុង លីមសាន ស្ថាបនិកក្រុមហ៊ុន ពេទ្យយើង ហែលថេក ព្រមទាំង លោក លោកស្រី អនុប្រធាន និងសមាជិក លេខាធិការដ្ឋានក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង មន្ត្រី និងបុគ្គលិកមណ្ឌលសុខភាពទាំង១១ ក្នុងស្រុកទ្រាំង។
ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ក្រុមការងារបច្ចេកទេស រដ្ឋបាលស្រុកទ្រាំង ព្រមទាំងថ្នាក់ដឹកនាំមណ្ឌលសុខភាពក្នុងស្រុកទ្រាំង បានសិក្សាអំពីការប្រើប្រាស់ប្រព័ន្ធសុខាភិបាលឌីជីថលមួយចំនួន ហើយឃើញថា ក្រុមហ៊ុន ពេទ្យយើង ហែលថេក ឯ.ក (Pethyoeung) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលក្នុងស្រុក មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យសុខាភិបាល ដែលបានអភិវឌ្ឍនិងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ចាប់តាំងពីឆ្នាំ២០១៥ ដោយបានជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការបញ្ចូលទិន្នន័យស្ទួន ពន្លឿនការស្នើសុំទូទាត់ថវិកាពី ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាល និងធានាសុក្រឹតភាពទិន្នន័យ។ ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក មានការតភ្ជាប់ទៅប្រព័ន្ធផ្សេងៗទៀតជាច្រើន ដូចជាប្រព័ន្ធទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) ប្រព័ន្ធស្នើសុំទូទាត់សេវាដោយស្វ័យប្រវត្តិ រួមទាំងប្រព័ន្ធ ប.ស.ស. (NSSF) និងមូលនិធិសមធម៌សុខាភិបាល (HEF) ជាដើម ព្រមទាំងត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋគ្រប់កម្រិត ទាំង CPA1, CPA2, CPA3 និង CPA3+ ចំនួនប្រមាណជាង ៣០មន្ទីរពេទ្យ ក្នុងនោះក៏មានមន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យបង្អែកអង្គរកា ក្នុងខេត្តតាកែវផងដែរ ដែលបានជួយបង្កើនផលិតភាពការងារប្រកបដោយប្រសិទ្ធភាព។
ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេវាសាធារណៈរដ្ឋបាលស្រុកទ្រាំង ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពី ឯកឧត្តម សុខ ពុទ្ធិវុធ បាននិងកំពុងជំរុញការរៀបចំផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ជាពិសេសការផ្តល់សេវាសុខាភិបាល ដើម្បីក្លាយជាអង្គភាពមួយដែលចូលរួមចំណែកកាន់តែប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈផ្ទាល់ដល់ប្រជាជនក្នុងមូលដ្ឋាន។ ក្នុងនោះ ឯកឧត្តម សុខ ពុទ្ធិវុធ នឹងផ្តល់ការឧបត្ថម្ភគាំទ្រទាំងស្រុងដល់ការបំពាក់ថ្នាល ការតភ្ជាប់ និងការបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក ហើយទិន្នន័យនឹងត្រូវរក្សាទុកនៅមជ្ឈមណ្ឌលទិន្នន័យ បៃត៍ឌីស៊ី (ByteDC) ដែលជាមជ្ឈមណ្ឌលទិន្នន័យឈានមុខគេ បានបំពាក់បច្ចេកវិទ្យាដែលមានវិញ្ញាបនបត្រទទួលស្គាល់កម្រិត៣ (Uptime Design Tier III)។