28/07/2026
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីបិទវេទិកាលើកទី៧ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល”
នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញចូលរួមពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
វេទិកាលើកទី៧នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ, ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិកា សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល, ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត, លោក លោកស្រីតំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក-បរទេស ព្រមទាំងមន្រ្តីពាក់ព័ន្ធប្រមាណ ៧០០រូប ទាំងការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ(ZOOM)។
សូមជម្រាបជូនថា វេទិកាលើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល” ដែលមានអត្ថន័យសំខាន់បីយ៉ាងគឺ៖
១-បញ្ជាក់អំពីការបន្តធានាសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី ដែលសកម្មភាពរដ្ឋបាល និងសេវាសាធារណៈកំពុងផ្លាស់ប្តូរពីបែបប្រពៃណីទៅបែបឌីជីថល។ ការចុះបញ្ជី ការដាក់ឯកសារ ការទទួលសេវា និងការទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អាចប្រព្រឹត្តទៅកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។
២-បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយការចំណាយពេលវេលា និងចំណាយក្រៅផ្លូវការ ព្រមទាំងបង្កើនភាពងាយស្រួលសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
៣-រំលេចអំពីតម្រូវការថ្មីៗដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ដូចជា៖ សុវត្ថិភាពទិន្នន័យ ការប្រើប្រាស់ព័ត៌មានឌីជីថលដោយការទទួលខុសត្រូវ ការគោរពក្រមសីលធម៌ក្នុងបរិបទអនឡាញ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការធានាថាសកម្មភាពតាមប្រព័ន្ធឌីជីថលស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #វេទិកាលើកទី៧ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល #សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល #កម្ពុជា