03/08/2026
សូមរំលឹកជូនថា កាលពីសប្តាហ៍មុន អាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ថា នឹងជួបពិភាក្សាជាមួយអតិថិជនរបស់អគ្គិសនីត្បូងឃ្មុំ ដែលបានដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និងតំណាងអគ្គិសនីកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ ផ្អែកលើគោលការណ៍ច្បាប់ជាធរមាន។
ថ្ងៃនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានជួបជាមួយតំណាងអគ្គិសនីកម្ពុជា និងតំណាងអតិថិជនដូចការគ្រោងទុក ។ បន្ទាប់ពីបានស្តាប់ការពន្យល់នូវគោលការណ៍សំខាន់ៗមួយចំនួនពាក់ព័ន្ធការដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល តំណាងអតិថិជនបានទទួលស្គាល់ថា ១. ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់គាត់ ពុំស្របតាមគោលការណ៍ច្បាប់, ២. ការលើកឡើងរបស់គាត់កន្លងមក គឺជាការយល់ច្រលំ ដោយសារគាត់ពុំយល់ច្បាស់ពីគោលការណ៍ច្បាប់ និង៣. អតិថិជនសន្យាកែតម្រូវប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងនិងប្រើប្រាស់សព្វថ្ងៃរបស់គាត់ អោយស្របតាមគោលការណ៍និងនីតិវិធីជាធរមាន ។