ព័ត៌មានមុខងារសាធារណៈ

ព័ត៌មានមុខងារសាធារណៈ ចែករំលែកព័ត៌មាន និង ចំណេះដឹង

កម្ពុជារៀបចំពិធីលៀងសាយភោជន៍ អបអរជោគជ័យនៃកិច្ចប្រជុំមុខងារសាធារណៈអាស៊ានខេត្តសៀមរាប៖ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួ...
06/08/2026

កម្ពុជារៀបចំពិធីលៀងសាយភោជន៍ អបអរជោគជ័យនៃកិច្ចប្រជុំមុខងារសាធារណៈអាស៊ាន

ខេត្តសៀមរាប៖ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) យ៉ាងមហោឡារិក ជូនដល់គណៈប្រតិភូអាស៊ាន និងអាស៊ានបូកបី ដើម្បីអបអរសាទរ និងថ្លែងអំណរគុណបន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសសមាជិកទាំងអស់ ដែលបានចូលរួមពិភាក្សាយ៉ាងសកម្ម និងគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងអាណត្តិជាប្រធានកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ នេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា ជោគជ័យដ៏ត្រចះត្រចង់នេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ភាគីពាក់ព័ន្ធណាមួយឡើយ ពោលគឺជាសមិទ្ធផលរួម របស់សហគមន៍អាស៊ានទាំងមូល។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររៀបចំកិច្ចប្រជុំទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈបំផុត៕






ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤ខេត្តសៀមរាប៖ នារសៀលថ្ងៃទ...
06/08/2026

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤

ខេត្តសៀមរាប៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ រៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញលទ្ធផលក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ក្រោយកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធបានចប់សព្វគ្រប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់កម្ពុជា ក្នុងនាមជាប្រធានឯកសារជាច្រើនបានសម្រេច និងបានដាក់ចេញជាបន្តបន្ទាប់។ ដោយឡែក សម្រាប់កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ សម្រេចអនុម័តនូវឯកសារសំខាន់ៗចំនួន ៤ រួមមាន៖ (១)«ផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ (ACCSM and ACCSM+3 Work Plans 2026-2030 and Related Documents)» (២)«សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការជំរុញនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើង (ASEAN Statement on Promoting Innovation for Better Public Service Delivery)» (៣)លក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (Terms of Reference of the ACCSM) និង(៤) វិធាននីតិវិធីនៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីកិច្ចការមុខងារសាធារណៈ (Rules of Procedure of ACCSM+3 SOM)។ ក្នុងនោះ កិច្ចប្រជុំបានទទួលស្គាល់តួនាទីសំខាន់របស់ បណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលសេវាសាធារណៈអាស៊ាន (Public Service Training Institutes /PSTI) និងមជ្ឈមណ្ឌលធនធានអាស៊ាន (ASEAN Resource Centres/ARC) ក្នុងការបណ្តុះបណ្តាលមន្ត្រី ការសិក្សាស្រាវជ្រាវ ការចែករំលែកបទពិសោធ និងការផ្ទេរឧត្តមានុវត្តន៍ពីប្រទេសមួយទៅប្រទេសមួយ។ ក្នុងនោះជាកិត្តិយសរបស់កម្ពុជាផងដែរ​ ដែលសាលាភូមិន្ទរដ្ឋបាល នឹងធ្វើជាប្រធានប្តូរវេននៃបណ្តាញ PSTI សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨។

ទន្ទឹមនោះ ក្នុងក្របខ័ណ្ឌអាស៊ានបូកបី ប្រមុខមុខងារសាធារណៈអាស៊ាន ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរទស្សនៈ និងបទពិសោធលើនវានុវត្តន៍សម្រាប់សេវាសាធារណៈ និងបានបញ្ជាក់ការបន្តកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងផលិតភាព និងការរៀបចំស្ថាប័នដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ជាចុងក្រោយថា ឯកសារដែលបានអនុម័តទាំងអស់នេះ គឺជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់កិច្ចសហប្រតិបត្តិការតំបន់ដ៏វែងឆ្ងាយទៅមុខ។ សមិទ្ធផលទាំងនេះ មិនត្រឹមតែបង្ហាញពីភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងចូលរួមគាំទ្រយ៉ាងពេញទំហឹងដល់ការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ផងដែរ៕






06/08/2026

[BTV] ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ពីការដឹកនាំរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 របស់កម្ពុជា ដែលប្រព្រឹត្តទៅយ៉ាងរលូន និងបានចែករំលែកបទពិសោធន៍ល្អៗជុំវិញកំណែទម្រង់រដ្ឋបាលសាធារណៈរបស់បណ្ដាប្រទេសអាស៊ាន និងអាស៊ានបូកបី។






ឯកឧត្តម ហ៊ុន ម៉ានី៖ "ACCSM មិនត្រឹមតែពង្រឹងកិច្ចសហការវិជ្ជាជីវៈប៉ុណ្ណោះទេ តែជាបេះដូងនៃសាមគ្គីភាពរបស់សហគមន៍អាស៊ាន"ខេត្តសៀ...
06/08/2026

ឯកឧត្តម ហ៊ុន ម៉ានី៖ "ACCSM មិនត្រឹមតែពង្រឹងកិច្ចសហការវិជ្ជាជីវៈប៉ុណ្ណោះទេ តែជាបេះដូងនៃសាមគ្គីភាពរបស់សហគមន៍អាស៊ាន"

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូកបីលើកទី៨ (ACCSM+3) ត្រូវបានប្រារព្ធឡើង នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, រដ្ឋមន្រ្តីមុខងារសាធារណៈអាស៊ាន និងបូកបី, ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់រយៈពេល ២ថ្ងៃកន្លងមក ដែលប្រតិភូទាំងអស់បានរួមគ្នាពិនិត្យសមិទ្ធផលរួម ព្រមទាំងផ្លាស់ប្តូរឧត្តមានុវត្តន៍ និងបទពិសោធ ដើម្បីតម្រង់ទិសអនាគតនៃវិស័យមុខងារសាធារណៈ។ អង្គប្រជុំទាំងមូលបានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកនវានុវត្តន៍ ឧត្តមភាព និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា យន្តការ ACCSM បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលមានភាពធន់ នវានុវត្តន៍ និងបរិយាបន្ន ដោយតម្កល់ប្រជាជនជាស្នូល។ តាមរយៈការពង្រឹងសមត្ថភាព វិជ្ជាជីវៈ និងភាពរហ័សរហួនរបស់មន្ត្រីរាជការ អាស៊ានអាចផ្តល់សេវាសាធារណៈប្រកបដោយគុណភាពខ្ពស់ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា "ACCSM មិនត្រឹមតែពង្រឹងលើកិច្ចសហការផ្នែកវិជ្ជាជីវៈប៉ុណ្ណោះទេ តែបានពង្រឹងមិត្តភាព ជំនឿទុកចិត្ត សាមគ្គីភាព និងភាពជាដៃគូ ដែលជាបេះដូងនៃសហគមន៍អាស៊ានទាំងមូល"។

លើសពីក្របខ័ណ្ឌតំបន់ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា កិច្ចសហប្រតិបត្តិការ ACCSM+3 បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយ សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ។ ការផ្លាស់ប្តូរបទពិសោធជាមួយប្រទេសដៃគូទាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញនវានុវត្តន៍សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់៕






សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអាស៊ានពង្រឹងស្ថាប័នសាធារណៈ ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរខេត្តសៀមរាប៖ ប្រមុខរាជរដ្ឋាភ...
06/08/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអាស៊ានពង្រឹងស្ថាប័នសាធារណៈ ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរ

ខេត្តសៀមរាប៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ រួមគ្នាអភិវឌ្ឍវិស័យមុខងារសាធារណៈរបស់ខ្លួនឱ្យកាន់តែរឹងមាំ មានភាពបត់បែន និងពោរពេញដោយនវានុវត្តន៍ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចធិបតី បានបង្ហាញមោទនភាព ដែលកម្ពុជាបានទទួលតួនាទីជាប្រធានប្តូរវេននៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ចំពេលដែលកម្ពុជាផ្ទាល់កំពុងតែជំរុញការកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងសកម្ម ដើម្បីបម្រើប្រជាជន។ សម្តេចបានគូសបញ្ជាក់ថា ភាពជោគជ័យនៃការកែទម្រង់របស់កម្ពុជាសព្វថ្ងៃ គឺផ្អែកលើមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រនៃការស្វែងរកសន្តិភាព និងការកសាងជាតិឡើងវិញពីគំនរបាក់បែក។

ចំពោះកិច្ចការតំបន់វិញ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចប្រជុំនេះថាជាវេទិកាដ៏សំខាន់ ដែលអនុញ្ញាតឱ្យបណ្តាប្រទេសក្នុងតំបន់ អាចជជែកគ្នាដោយបើកចំហរ និងត្រង់ទៅត្រង់មក ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យរដ្ឋបាលសាធារណៈ។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសនីមួយៗមានបរិបទខុសគ្នាក៏ពិតមែន ប៉ុន្តែគោលដៅរួមរបស់យើងមានតែមួយគត់ គឺការបម្រើប្រជាជនដោយស្មោះត្រង់។

ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែមានប្រសិទ្ធភាព សម្តេចធិបតី បានជំរុញឱ្យបណ្តាប្រទេសអាស៊ាន និងដៃគូបូកបី ប្រែក្លាយរាល់សេចក្តីសម្រេច និងផែនការនានា ដែលបានឯកភាពគ្នា ឱ្យចេញជាលទ្ធផល និងសកម្មភាពជាក់ស្តែង។

ជាការផ្តាំផ្ញើសម្រាប់ទិសដៅទៅមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា "ការសម្លឹងខ្ពស់ទៅអនាគតវែងឆ្ងាយ យើងត្រូវរួមគ្នាទទួលយកចក្ខុវិស័យរួមសម្រាប់អនាគតនៃស្ថាប័នសាធារណៈរបស់យើង រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើកកម្ពស់វប្បធម៌នវានុវត្តន៍ និងជំរុញការកសាងមុខងារសេវាសាធារណៈដែលមានភាពបត់បែន និងភាពធន់ ត្រៀមខ្លួនសម្រាប់អនាគត និងលះបង់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន"៕






ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំអាស៊ានបូកបី លើកទី៨ ជំរុញផែនការ ៥ឆ្នាំឆ្ពោះទៅការធ្វើទំនើបកម្មសេវាសាធារណៈខេត្តសៀមរាប៖ ...
05/08/2026

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំអាស៊ានបូកបី លើកទី៨ ជំរុញផែនការ ៥ឆ្នាំឆ្ពោះទៅការធ្វើទំនើបកម្មសេវាសាធារណៈ

ខេត្តសៀមរាប៖ នារសៀលថ្ងៃដដែល បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន (ACCSM លើកទី២៣) រួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានបូកបី លើកទី៨ (ACCSM+3) ជាបន្តទៀត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់អាស៊ាន ព្រមទាំងតំណាងប្រទេសដៃគូទាំងបី រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសរុបចំនួន ១០ចំណុច។ ក្នុងចំណោមនោះ ចំណុចសំខាន់ៗដែលត្រូវបានលើកយកមកសម្រេចរួមមាន ការអនុម័តលើ «ផែនការការងារ ACCSM+3 សម្រាប់ឆ្នាំ២០២៦-២០៣០» ដែលជាត្រីវិស័យរួមសម្រាប់៥ឆ្នាំទៅមុខ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលជុំវិញប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ព្រមទាំងបានពិនិត្យ និងអនុម័តរបាយការណ៍នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM+3 រួមជាមួយនឹងការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំលើកទី៩ នាពេលខាងមុខផងដែរ។

ក្នុងនាមជាប្រធានអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលតែងតែឈរគៀងស្មា និងគាំទ្រអាស៊ានអស់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា ភាពជាដៃគូដ៏រឹងមាំនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ាន ឱ្យកាន់តែមានជំនាញ វិជ្ជាជីវៈ និងភាពទំនើប សំដៅធានាបាននូវការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសបូកបី រាល់ផែនការ និងគោលដៅដែលបានឯកភាពគ្នា នឹងត្រូវបានប្រែក្លាយឱ្យចេញជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ទាំងមូល៕






ឥណ្ឌូនេស៊ី នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន បន្តពីកម្ពុជានារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ...
05/08/2026

ឥណ្ឌូនេស៊ី នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន បន្តពីកម្ពុជា

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូកបីលើកទី៨ ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗសរុបចំនួន ២២ចំណុច (១២ចំណុចសម្រាប់អាស៊ាន និង១០ចំណុចសម្រាប់អាស៊ានបូកបី)។ ក្នុងចំណោមនោះ របៀបវារៈដ៏សំខាន់មួយ គឺការរៀបចំផែនការ និងការប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកបន្ទាប់ដោយប្រទេសឥណ្ឌូនេស៊ី។

សម្រាប់កិច្ចប្រជុំនៅអាណត្តិថ្មីបន្តពីកម្ពុជានេះ ឥណ្ឌូនេស៊ីបានកំណត់យកមូលបទថ្មីមួយគឺ «មន្ត្រីសាធារណៈដែលមានភាពបត់បែន ដើម្បីការផ្តល់សេវាឱ្យកាន់តែប្រសើរ» (Adaptive Public Servant for Better service Delivery)។

ម្ចាស់ផ្ទះឥណ្ឌូនេស៊ី នឹងរៀបចំកិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ នាចុងខែមេសា ឆ្នាំ២០២៧ នៅទីក្រុងយ៉ូកយ៉ាកាតា (Yogyakarta) ។ ដោយឡែក កិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៨ នៅកោះបាលី (Bali)៕






ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H...
05/08/2026

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។

—————

កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្ដីពីកិច្ចការមុខងារសាធារណៈ និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។






ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យ​សាធារណៈអាស៊ានលើកទី២៣ និងអាស...
05/08/2026

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យ​សាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូក៣លើកទី៨

(សៀមរាប)៖ ពីលើទឹកដីសៀមរាបអង្គរនាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា​អធិប​តី​​បើក​កិច្ច​ប្រជុំរដ្ឋមន្ត្រីលើវិស័យ​សាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ាន​បូក​៣​លើក​​ទី៨ (8th ACCSM+3) នៅសណ្ឋាគារសុខា​ខេត្តសៀម​រាប។

កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់​អា​ស៊ាននេះ មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិក​អាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអតិបរមា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូដ៏ឧត្តុង្គឧត្តមទាំងអស់ មកកាន់ទីក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានមោទកភាពក្នុងការទទួលតំណែងជាប្រធានប្តូរវេន នៃកិច្ចប្រជុំប្រមុខរដ្ឋបាលសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM ជាលើកទី២។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈកម្ពុជា ប្រទេសសមាជិកអាស៊ានទាំងអស់ អគ្គលេខាធិការដ្ឋានអាស៊ាន និងដៃគូបូកបីដ៏រឹងមាំរបស់យើង សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការតំបន់លើវិស័យរដ្ឋបាលសាធារណៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាដោយត្រង់ទៅត្រង់មក យុទ្ធសាស្ត្រ និងទស្សនវិស័យវែងឆ្ងាយ ស្តីពីវឌ្ឍនភាព ឱកាស និងបញ្ហាប្រឈមជាបន្ទាន់ដែលយើងកំពុងជួបប្រទះក្នុងវិស័យមុខងារសាធារណៈរបស់យើង។

* បេសកកម្មរួមរបស់យើងត្រូវបានលាតត្រដាងប្រឆាំងនឹងផ្ទៃខាងក្រោយនៃទេសភាពសកលលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលកំណត់ដោយភាពប្រែប្រួលសេដ្ឋកិច្ចកាន់តែខ្លាំង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លា និងការពិតនៃអាកាសធាតុដ៏ធ្ងន់ធ្ងរ។ ទេសភាពបែបនេះតម្រូវឱ្យគ្រប់ប្រទេសទាំងអស់ រួមទាំងប្រទេសសមាជិកអាស៊ាន ប្រទេសបូកបី និងកម្ពុជា បន្តពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ខណៈពេលដែលសម្របសម្រួលអាទិភាពជាតិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។

* ដើម្បីដោះស្រាយបញ្ហាប្រឈមជាបន្ទាន់ទាំងនេះ តម្រូវឱ្យមានមន្ត្រីរាជការដែលមានវិជ្ជាជីវៈ សមត្ថភាព និងការប្តេជ្ញាចិត្តខ្ពស់ ជាមួយនឹងសមត្ថភាព សុចរិតភាព និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ខណៈពេលដែលយើងបន្តអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ (PAR)។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅទូទាំងពិភពលោក និន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញ ទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ។

ទីមួយ៖ ការរំពឹងរបស់ប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋកាន់តែរំពឹងទុកសេវាសាធារណៈដែលមានភាពឆ្លើយតបខ្ពស់ រហ័សទាន់ចិត្ត ងាយស្រួលប្រើប្រាស់ និងមានតម្លាភាព។ ទំនុកចិត្តសាធារណៈក៏កាន់តែភ្ជាប់ទៅនឹងសុចរិតភាព ក្រមសីលធម៌វិជ្ជាជីវៈ និងតម្លាភាពផងដែរ។

ទីពីរ៖ បដិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)៖ រដ្ឋាភិបាលជាច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធដែលជំរុញដោយទិន្នន័យ ដើម្បីបង្កើនការផ្តល់សេវាដល់ប្រជាពលរដ្ឋ។ ការផ្លាស់ប្តូរនេះតម្រូវឱ្យមានសមត្ថភាពឌីជីថលថ្មីក្នុងចំណោមមន្ត្រី ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ បរិយាប័ន្ន និងគណនេយ្យភាព។

ទីបី៖ ការប្រកួតប្រជែងសម្រាប់ធនធានមនុស្ស៖ ស្ថាប័នសាធារណៈប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីវិស័យឯកជនសម្រាប់ទេពកោសល្យលំដាប់កំពូល។ ការពិតនេះតម្រូវឱ្យមានការជ្រើសរើសបុគ្គលិកដែលមានលក្ខណៈទំនើប ប្រកាន់ខ្ជាប់នូវគុណាធិបតេយ្យ ការរីកចម្រើនអាជីពប្រកបដោយភាពបត់បែន និងការអភិវឌ្ឍន៍មូលធនមនុស្សជាយុទ្ធសាស្ត្រ។

* និន្នាការរចនាសម្ព័ន្ធទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់ដ៏សំខាន់នៃវេទិកាពហុភាគី ដូចជាក្របខ័ណ្ឌ ACCSM។ ដូចដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិច្ចប្រជុំបានសង្កត់ធ្ងន់ថា ខ្ញុំពិតជារីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២១-២០២៥។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមស្វាគមន៍ចំពោះការរៀបចំផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការលើកកម្ពស់នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ក៏ដូចជាសមិទ្ធផលសំខាន់ៗផ្សេងទៀត ដូចជាលក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ និងវិធាននីតិវិធី (ROP) នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ ACCSM+3។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបញ្ជាក់ជាថ្មីថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្តែង។ ក្នុងស្មារតីនេះ កម្ពុជាមានមោទកភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេន នៃបណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមប្រគល់ភារកិច្ចដ៏សំខាន់នេះជូនសាលាភូមិន្ទរដ្ឋបាលក្នុងនាមជាស្ថាប័នទទួលខុសត្រូវ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យចេញលទ្ធផលជាក់ស្តែង។

កំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជាមានឫសគល់ចេញពីដំណើរដ៏ពិសេសមួយ គឺការស្តារឡើងវិញ ការកសាងជាតិ និងការកសាងសន្តិភាព។ បន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃស្ថាប័ននានាក្រោមរបបខ្មែរក្រហម ប្រទេសកម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈប្រមូលផ្តុំធនធានមនុស្ស និងបញ្ញាវន្តដែលនៅមានជីវិត។ ដំណើរការនៃការស្តារឡើងវិញនេះបានឈានដល់គោលនយោបាយឈ្នះ-ឈ្នះជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ជម្លោះស៊ីវិលរាប់ទសវត្សរ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សន្តិភាពដែលសម្រេចបានដោយលំបាកនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបស់កម្ពុជា ដោយផ្តល់នូវគ្រឹះដ៏សំខាន់សម្រាប់រដ្ឋបាលសេវាសាធារណៈទំនើប ការកសាងជាតិឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។

ដំណើរនៃការស្តារជាតិឡើងវិញ និងការកសាងសន្តិភាពនោះ គឺជាមូលដ្ឋានគ្រឹះដែលកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់កម្ពុជាបានរីកចម្រើន ហើយវានៅតែបន្តកំណត់ទស្សនវិជ្ជាដែលដឹកនាំយើងសព្វថ្ងៃនេះ។ ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ទស្សនវិជ្ជាដ៏សំខាន់របស់កម្ពុជា គឺតែងតែផ្តោតជាចំបងលើសុខុមាលភាពរបស់ជាតិ និងប្រជាជន។ ទោះបីយើងមកពីប្រទេសផ្សេងៗគ្នា ខ្ញុំជឿជាក់យ៉ាងមុតមាំថាគោលការណ៍ស្នូលរបស់យើងគឺដូចគ្នា គឺ៖ «លះបង់បម្រើប្រជាជនដោយស្មោះត្រង់ និងមិនងាករេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់យើងក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ការបំប្លែងចក្ខុវិស័យនេះទៅជាសកម្មភាពទាមទារឱ្យមានរដ្ឋបាលសាធារណៈដែលមានសមត្ថភាពអនុវត្តអាទិភាពទាំងនេះដោយកម្លាំង ប្រាជ្ញា និងសុចរិតភាពខ្ពស់។ ដើម្បីកសាងរដ្ឋបាលសាធារណៈដែលកាន់តែមានសមត្ថភាព កាន់តែរឹងមាំ កាន់តែឆ្លាតវៃ និងកាន់តែស្អាតស្អំ រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការកំណែទម្រង់សំខាន់ៗចំនួនបី៖

ទីមួយ៖ ប្រទេសជាតិបានពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីរាជការឱ្យមានលក្ខណៈផ្អែកលើគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការអនុវត្តដោយជោគជ័យនូវនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដ៏ជាក់លាក់មួយ។

ទីពីរ៖ ការពង្រឹងសមត្ថភាព និងស្ថាប័ន ដើម្បីបង្កើនគុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយមានការគូសបញ្ជាក់តាមរយៈការត្រួតពិនិត្យមុខងារស៊ីជម្រៅ និងការបង្កើតបណ្តាញអគ្គលេខាធិការ ដើម្បីពង្រឹងការសម្របសម្រួលរវាងក្រសួង និងស្ថាប័ននានា។

ទីបី៖ ការកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធផល ដើម្បីធានានូវភាពស៊ីសង្វាក់គ្នា សមធម៌ និងប្រសិទ្ធភាព ដោយកំណត់សូចនាករសំខាន់ៗនៃសមិទ្ធផល (KPIs) ច្បាស់លាស់ ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញមន្ត្រីរាជការឱ្យធ្វើការលឿនជាងមុន ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្មក្នុងការផ្តល់សេវា ជាពិសេសនៅក្នុងវិស័យអាទិភាពដូចជា វិស័យអប់រំ និងសុខាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាស្នូលនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ នៅកម្ពុជា ការកែទម្រង់ឆ្លងវិស័យដ៏សំខាន់មួយក្នុងចំណោមប្រាំ រួមជាមួយនឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់តុលាការ និងកំណែទម្រង់ច្បាប់ ដែលជាផ្នែកសំខាន់នៃចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រួមគ្នាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រទាំងនេះបាននាំមកនូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់រួចទៅហើយ តាមរយៈការលើកកម្ពស់គុណភាពនៃការជ្រើសរើសមន្ត្រីរាជការ ពង្រឹងសមិទ្ធផលស្ថាប័ន និងស្តង់ដារវិជ្ជាជីវៈ ព្រមទាំងបង្កើតប្រព័ន្ធលើកទឹកចិត្តដែលមានប្រសិទ្ធភាព និងផ្អែកលើសមិទ្ធផលកាន់តែប្រសើរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានតាមរយៈ ACCSM និង ACCSM+3 ក៏ដូចជាប្រធានបទឆ្នាំនេះគឺ «នវានុវត្តន៍ដើម្បីការផ្តល់សេវាកាន់តែប្រសើរ»។ ដើម្បីបង្កើនផលប៉ះពាល់នៃការពិភាក្សានៅក្នុងកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមចែករំលែកនូវទស្សនៈមួយចំនួន ដែលសម្តេចជឿថាអាចជួយតម្រង់ទិសតួនាទីនៃនវានុវត្តន៍នៅក្នុងវិស័យមុខងារសាធារណៈ។

ទីមួយ៖ នវានុវត្តន៍ត្រូវតែប្រកាន់យកវិធីសាស្រ្តប្រជាជនជាស្នូល ដែលលើសបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ សេវាសាធារណៈត្រូវតែផ្អែកលើលទ្ធផល ហើយគួរតែត្រូវបានផ្តល់ជូនដោយងាយស្រួល សមធម៌ និងបរិយាប័ន្ន មិនទុកនរណាម្នាក់ចោល ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ តាមរយៈការផ្តល់អាទិភាពដល់ចក្ខុវិស័យរយៈពេលវែង លើភាពងាយស្រួលរយៈពេលខ្លី យើងកសាងទំនុកចិត្តសាធារណៈតាមរយៈកា រសម្រេចចិត្តដ៏ត្រឹមត្រូវដែលដាក់ផលប្រយោជន៍ប្រជាជនជាធំ។

ទីពីរ៖ នវានុវត្តន៍ត្រូវឈរផ្អែកលើមូលដ្ឋានគ្រឹះនៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ដោយសាររដ្ឋសមាជិកអាស៊ាននិមួយៗមានចំណុចចាប់ផ្តើមនៃការ អភិវឌ្ឍន៍ខុសៗគ្នា គោលដៅរបស់យើងគឺកាត់បន្ថយគម្លាត និងធានាថា ប្រទេសនីមួយៗទទួលយកបច្ចេកវិទ្យាថ្មីៗ ជាពិសេស AI ក្នុងល្បឿនប្រកបដោយនិរន្តរភាព។

ដោយសារបច្ចេកវិទ្យាមិនអាចដំណើរការដោយឯករាជ្យពីកត្តាមនុស្ស ការទទួលយកឌីជីថលត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការវិនិយោគបន្តបន្ទាប់លើធនធានមនុស្ស ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងសុចរិតភាព។ ទីបំផុត នវានុវត្តន៍ពិតប្រាកដក្នុងការគ្រប់គ្រង គឺពឹងផ្អែកលើការពង្រឹងស្ថាប័ន និងធនធានមនុស្ស ជាជាងឧបករណ៍ឌីជីថលតែមួយមុខ ព្រោះកិច្ចខិតខំប្រឹងប្រែងនេះទាមទារសុចរិតភាព គ្មានវេទិកាឌីជីថលណាមួយអាចជំនួសក្រមសីលធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដនៃទំនុកចិត្តសាធារណៈបានឡើយ។

ទីបី៖ នវានុវត្តន៍ត្រូវតែពឹងផ្អែកលើកការកសាងភាពធន់រួមក្នុងតំបន់។ ដោយសារបញ្ហាប្រឈមជាសកលមិនអាចដោះស្រាយដោយឯកឯងបាន ពោលយើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែននៅក្នុងអាស៊ាន។ នវានុវត្តន៍គួរតែពង្រីកលើសពីប្រសិទ្ធភាពផ្ទៃក្នុង ដើម្បីរួមបញ្ចូលការចែករំលែកចំណេះដឹង ការគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលរួមគ្នាផងដែរ។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ACCSM ត្រូវតែបន្តជាវេទិកាដ៏សំខាន់សម្រាប់ការរៀនសូត្រទៅវិញទៅមក ពង្រឹងសមត្ថភាពរដ្ឋជាសមាជិកឱ្យសហការសម្របសម្រួល ធ្វើឱ្យគោលនយោបាយមានភាពស៊ីសង្វាក់គ្នា និងកសាងសមត្ថភាពរួមសម្រាប់បញ្ហាប្រឈមរួម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាប្រឈមដែលយើងប្រឈមមុខមិនស្គាល់ព្រំដែនទេ ដូច្នេះការឆ្លើយតបរបស់យើងក៏ត្រូវតែគ្មានព្រំដែនដូចគ្នា។ ដោយផ្អែកលើស្មារតីនៃ «មាគ៌ាអាស៊ាន» ដែលត្រូវបានកសាងឡើងលើការពិគ្រោះយោបល់ ការឯកភាពគ្នា និងសាមគ្គីភាពជាសហគមន៍មួយ យើងត្រូវតែរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងរបស់យើង ដោយបង្វែរបទពិសោធន៍របស់ប្រទេសនីមួយៗទៅជាកម្លាំងរួមដ៏មានឥទ្ធិពល ដែលជំរុញតំបន់ឆ្ពោះទៅមុខតាមរយៈកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងការទទួលខុសត្រូវរួម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំ ACCSM និង ACCSM+3 ត្រូវតែបន្តដើរតួយ៉ាងសកម្មក្នុងការបកប្រែសេចក្តីថ្លែងការណ៍ និងផែនការការងារ ទៅជាលទ្ធផលជាក់ស្តែង និងព្រមទាំងលើកកំពស់គណនេយ្យភាពរួមក្នុងការផ្តល់លទ្ធផល ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈជូនប្រជាជនរបស់យើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

ជាមួយនឹងការសម្លឹងខ្ពស់ទៅអនាគតដ៏វែងឆ្ងាយ សូមយើងរួមគ្នាទទួលយកចក្ខុវិស័យរួមសម្រាប់អនាគតនៃស្ថាប័នសាធារណៈរបស់យើង។ រួមគ្នា យើងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើកកម្ពស់វប្បធម៌នវានុវត្តន៍ និងឧត្តមភាព និងជំរុញការកសាងមុខងារសេវាសាធារណៈដែលមានភាពបត់បែន និងភាពធន់ ត្រៀមខ្លួនសម្រាប់អនាគត និងលះបង់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ការផ្លាស់ប្តូរទស្សនៈ និងកិច្ចសន្ទនាគោលនយោបាយដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃកន្លងមក និងនៅក្នុងថ្ងៃនេះ នឹងជួយពង្រឹងការយោគយល់គ្នាទៅវិញទៅមក លើកទឹកចិត្តដល់ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អបំផុត និងពង្រឹងកិច្ចសហការរវាងស្ថាប័នសេវាសាធារណៈរបស់យើង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមជូនពរកិច្ចប្រជុំទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សូមជូនពរដល់អ្នកចូលរួមទាំងអស់ទទួលបានសុខភាពល្អ ជោគជ័យបន្តបន្ទាប់ និងការស្នាក់នៅប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍នៅខេត្តសៀមរាប។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យឯកឧត្តម អស់លោកឆ្លៀតឱកាសរីករាយជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ក៏ដូចជាសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃរដូវវស្សារបស់យើង ជាពេលវេលាដែលទីក្រុងដ៏កក់ក្ដៅ នៃប្រាសាទបុរាណ និងទីជនបទដែលមានជីវិតរស់រវើកក្នុងម្លប់ពណ៌បៃតងដ៏ស្រស់បំព្រង ដែលផ្តល់នូវបទពិសោធន៍ដ៏ស្រស់ស្រាយ និងគួរឱ្យចងចាំពិតប្រាកដនៃមន្តស្នេហ៍ធម្មជាតិ និងវប្បធម៌របស់ប្រទេសកម្ពុជាយើង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រកាសបើកកិច្ចប្រជុំប្រមុខសេវាសាធារណៈសម្រាប់កិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ស្តីពីកិច្ចការម...
05/08/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ស្តីពីកិច្ចការមុខងារសាធារណៈ លើរបៀបវារៈចំនួន១២

បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកកិច្ច​ប្រជុំរដ្ឋមន្ត្រីលើវិស័យ​សាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ាន​បូក​៣​លើក​​ទី៨ (8th ACCSM+3) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានលើទី២៣ (23rd ACCSM) ស្តីពីកិច្ចការមុខងារសាធារណៈ។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីមុខងារសាធារណៈ ACCSM, មន្ត្រីជាន់ខ្ពស់ ACCSM, មន្ត្រីបង្គោល ACCSM នៃប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន បានពិនិត្យពិភាក្សាលម្អិត និងអនុម័តទៅលើរបៀបវារៈទាំង១២ ដែលបានកំណត់ រួមមាន៖ (១)ការអនុម័តលើរបៀបវារៈ, (២)ការរៀបចំកិច្ចប្រជុំទូទៅ, (៣)សេចក្តីសម្រេចពាក់ព័ន្ធនៃកិច្ចប្រជុំផ្សេងទៀត, (៤)របាយការណ៍នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣, (៥)ការអនុម័តលើផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០, (៦)ការអនុម័ត និងការអនុវត្តលើឯកសារនៃលទ្ធផលការសម្រេចនានារបស់ ACCSM, (៧)របាយការណ៍ស្តីពីវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន (PSTIs), (៨)របាយការណ៍ស្តីពីមជ្ឈមណ្ឌលធនធានអាស៊ាន, (៩)ការត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំ ACCSM លើកទី២៤, (១០)កិច្ចការផ្សេងៗ, (១១)ការពិនិត្យ និងអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣ និង (១២)មតិបិទកិច្ចប្រជុំ។






Address

ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, Cambodia, 12405
Phnom Penh

Alerts

Be the first to know and let us send you an email when ព័ត៌មានមុខងារសាធារណៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share