16/06/2026
សភាកម្ពុជាត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអន្តរសភាសំខាន់ៗ ចំនួនពីរ
-----------
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីពិនិត្យ និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សភាអន្តរជាតិធំៗ ដែលនឹងខិតជិតមកដល់នាចុងខែសីហា ឆ្នាំ២០២៦ នេះ។
នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា-អាយប៉ា បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការ និងពិភាក្សាលើការងារពិធីការ ខ្លឹមសារ និងបច្ចេកទេស ដើម្បីធានាឱ្យបាននូវភាពជោគជ័យខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិ ចំនួនពីររួមមាន៖
១. កិច្ចសន្ទនារវាងសភាជាមួយពហុភាគីពាក់ព័ន្ធ៖ ដែលនឹងផ្តោតការពិភាក្សាលើប្រធានបទដ៏មានសារៈសំខាន់ គឺ «ការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀងនិងអាកាសធាតុ»។ ២. កិច្ចប្រជុំពិគ្រោះយោបល់នៃវេទិកាថ្នាក់ដឹកនាំអាយប៉ា (AIPA Leadership Forum)៖ ដែលជាវេទិកាជាន់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំសភាតំបន់អាស៊ាន ពិគ្រោះយោបល់លើបញ្ហាចំពោះមុខនានា។
ព្រឹត្តិការណ៍សំខាន់ៗទាំងពីរខាងលើនេះ នឹងត្រូវរៀបចំឡើងនៅសប្តាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដែលការប្រព្រឹត្តទៅនេះគឺធ្វើឡើងស្របពេលជាមួយគ្នានឹងកិច្ចប្រជុំថ្នាក់ដឹកនាំសភានៃអន្តរសភា (ISC) លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការរៀបចំឱ្យមានសណ្តាប់ធ្នាប់ខ្ពស់ កិច្ចប្រជុំត្រៀមលក្ខណៈនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃរដ្ឋសភា រួមមាន៖ ឯកឧត្តមអនុប្រធានក្រុមរដ្ឋសភាកម្ពុជា-អាយប៉ា ទាំងបីរូប, ឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមអគ្គលេខាធិការងប្រចាំការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីខុទ្ទកាល័យ និងមន្ត្រីជំនាញមួយចំនួនមកពីនាយកដ្ឋានពាក់ព័ន្ធនានាផងដែរ។
តាមរយៈកិច្ចប្រជុំត្រៀមលក្ខណៈនេះ ថ្នាក់ដឹកនាំបានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីបង្ហាញពីសមត្ថភាព និងមុខមាត់របស់សភាកម្ពុជា នៅលើឆាកអន្តរជាតិ៕