06/08/2026
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចុះពិនិត្យ និងសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវគម្រោងចំនួន៦ខ្សែ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖នាថ្ងៃព្រហស្បត្តិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ធស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារផ្នែកបច្ចេកទេសផ្លូវជនបទ របស់អង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងរបស់គម្រោងកែលម្អផ្លូវជនបទជំហានទី៤ ក្រោមក្របខណ្ឌហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉ (RRIP-IV) ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត លឹម អ៊ីវ នាយករងគម្រោង, លោកស្រីបណ្ឌិត ទូច សម្ភស្ស ប្រធានអនុវត្តគម្រោង, លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមន្រ្តីបច្ចេកទេស សហការជាមួយក្រុមការងារបច្ចេកទេសរបស់ទីប្រឹក្សាគម្រោង និងមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវគម្រោងចំនួន៦ខ្សែ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ការសិក្សានេះ ផ្តោតសំខាន់ទៅលើលក្ខណៈភូមិសាស្រ្ត ស្ថានភាពខ្សែផ្លូវ និងជលសាស្ត្រក្នុងតំបន់ ដើម្បីឈានទៅសិក្សាលម្អិតខ្សែផ្លូវគម្រោងក្នុងខេត្តប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងការប្រើប្រាស់បានយូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់បានយូរ និងគ្រប់រដូវកាល។