02/08/2026
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគម អ.ម.ត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាធិការសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) គណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈ គណៈគ្រប់គ្រងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងភាគីពាក់ព័ន្ធ។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសហការី ក្នុងជំនួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការចុះហត្ថលេខាលើអនុស្សារណៈ ស្តីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិត និងយុវជនកម្ពុជា ទទួលបានការសិក្សានៅកម្រិតឧត្តមសិក្សា ជាពិសេស យុវជននិងនិស្សិតមានការលំបាកមកពីខេត្តនានាទូទាំងប្រទេស។ ចាប់តាំងពីមានការផ្ទុះអាវុធ នៅតាមព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ បានសម្របសម្រួលឱ្យនិស្សិត វិលត្រឡប់មកពីប្រទេសថៃ ចូលរៀនដោយមិនបង់ថ្លៃ ក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ” ចំនួន៩លើក សរុបចំនួន ១២៦០នាក់។ ក្នុងនោះមាននិស្សិតចំនួន ៦៧១នាក់ (ស្រី ៣២៣នាក់ ព្រះសង្ឃ ១៣អង្គ) បានចុះឈ្មោះចូលរៀនជាក់ស្តែង និងមានក្នុងប្រព័ន្ធទិន្នន័យ អ.ម.ត មានតាំងពីកម្រិតបរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត និងវេជ្ជបណ្ឌិតឯកទេស។
សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់គោលនយោបាយ និងសកម្មភាពស្នូលនានារបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការគ្រប់គ្រង និងបែងចែកអាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ព្រមទាំងការចូលរួមក្នុងសកម្មភាពសង្គម និងការងារយុវជន ស្ថាប័នទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ក្នុងការជួយដល់យុវជនឱ្យទទួលបានកាលានុវត្តភាពសិក្សាប្រកបដោយសមធម៌។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្សនិស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានមានប្រសាសន៍ថា អនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្រសព្វគ្នានៃមនសិការស្នេហាជាតិ និងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការជួយលើកកម្ពស់សមត្ថភាពយុវជនកម្ពុជាជំនាន់ក្រោយ ដែលជាធនធានដ៏សំខាន់សម្រាប់កសាងអនាគតប្រទេសជាតិ ដោយគូសបញ្ជាក់ថា “ការខ្វះខាតថវិកា ឬហិរញ្ញវត្ថុ មិនមែនជាកត្តាកំណត់ជោគវាសនារបស់យុវជនណាមួយឡើយ”។ ក្នុងន័យនេះ យុវជនទាំងអស់មានសិទ្ធិស្មើៗគ្នា ទទួលបាននូវការអប់រំ ការបណ្ដុះបណ្ដាល ដើម្បីក្លាយជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិនាពេលបច្ចុប្បន្ន និងអនាគត។ បេសកកម្មរបស់ អ.ម.ត មិនមែនត្រឹមតែជាការផ្ដល់នូវអាហារូបករណ៍ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវយន្តការតាមដាន គ្រប់គ្រង ការជ្រោមជ្រែង និងធានាថា សិស្សនិស្សិតដែលទទួលបាននូវអាហារូបករណ៍នេះ អាចបញ្ចប់នូវការសិក្សាដោយជោគជ័យ និងជាកម្លាំងចលករចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍសង្គមជាតិយ៉ាងពិតប្រាកដ។
ការវិនិយោគលើមូលធនមនុស្ស គឺជាតម្រូវការដ៏ចាំបាច់ និងអាទិភាពចម្បងមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ការបណ្ដុះបណ្ដាលមូលធនមនុស្ស ឱ្យមានទាំងចំណេះដឹង សមត្ថភាព ជំនាញឯកទេសច្បាស់លាស់ និងគុណធម៌ប្រចាំជីវិត គឺជានិរន្តរភាពពិតប្រាកដរបស់ប្រទេសជាតិ និងជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស រវាង ក្រសួងអប់រំ យុវជន និងកីឡា និង សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ត្រូវបានបង្កើតឡើង ក្នុងគោលបំណង៖ (១) លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល តម្រង់ទិសជ្រើសរើស ជំនាញ ចែករំលែកបទពិសោធតាមរយៈវេទិកានៃការសិក្សារបស់សិស្សរៀនពូកែទាំងក្នុង និងក្រៅប្រទេស និងចែករំលែកបទពិសោធក្នុងការត្រៀមលក្ខណៈក្នុងការសិក្សានៅក្រៅប្រទេស និងការអភិវឌ្ឍសមត្ថភាពជំនាញនានាសម្រាប់យុវជនក្នុងសតវត្សទី២១ (២) បង្កើតយន្តការសហការក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ និងផ្លាស់ប្តូរព័ត៌មាន។ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើត “គណៈកម្មការចំពោះកិច្ច” ដើម្បីតាមដាន និងវាយតម្លៃការអនុវត្តអនុស្សរណៈនេះ ដោយបង្កើត “គោលការណ៍ណែនាំ និងរចនាសម្ព័ន្ធ” ដើម្បីតម្រង់ទិសសម្រាប់សមាគមក្នុងការធ្វើប្រតិបត្តិការឱ្យមាននិរន្តរភាព, រៀបចំកិច្ចប្រជុំត្រីមាស ដើម្បីពិនិត្យវឌ្ឍនភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ, ចងក្រង និងផ្សព្វផ្សាយព័ត៌មានស្តីពីសមិទ្ធកម្មនៃកិច្ចសហប្រតិបត្តិការ៕
-គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia