23/10/2026
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាដោយបានទទួលដំណឹងថា លោក សុជាតិ កញ្ញារិទ្ធ អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានទទួល មរណភាព នាថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧:៤៧ នាទីព្រឹក ក្នុងជន្មាយុ ៤២ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយក្តីសោកសង្រេងដ៏សែនក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោក សុជាតិ កញ្ញារិទ្ធ ដែលនេះជាការបាត់បង់ ស្វាមី និងឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្សក្នុងវិស័យការងារ និងកិច្ចការអភិវឌ្ឍន៍ទីផ្សារការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពោរពេញ ដោយសមត្ថភាព ឧត្តមគតិការងារ និងបទពិសោធន៍ ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាច្រើនជូនក្រសួង និង ប្រទេសជាតិ។
យើងខ្ញុំសូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក សុជាតិ កញ្ញារិទ្ធ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។