27/05/2026
ប្រធានបទ ៖ តើដឹងច្បាស់ទេ ថាអ្វីខ្លះដែល “សំខាន់” ចំពោះអ្នក?
គំនិតសំខាន់ៗ ៖
- ជីវិតគឺជាការដោះដូរ
- ផ្តោតលើតែអ្វីៗដែលសំខាន់ចំពោះអ្នក
================
#តើដឹងច្បាស់ទេថាអ្វីខ្លះដែលសំខាន់ចំពោះអ្នក?
ការស្វែងយល់អំពីខ្លួនឯងដំបូងបង្អស់គឺ ចាប់ផ្តើមពីការដឹងឱ្យបាន
ច្បាស់លាស់បំផុត ថាមានអ្វីខ្លះដែល “សំខាន់” និង “មិន
សំខាន់” ចំពោះជីវិតរបស់អ្នក។ អ្នកកើតមកដើម្បីអ្វីដែលសាកសម
មិនមែនដើម្បីគ្រប់យ៉ាងនោះឡើយ។ អ្វីដែលសាកសមឱ្យអ្នក
ចំណាយថាមពល ពេលវេលា វិន័យ និងការប្រឹងប្រែង។ អ្វីដែល
សាកសមឱ្យអ្នកដាក់ចិត្តដាក់កាយ ដាក់ការផ្តោត និងការលះបង់
ទាំងឡាយ។ អ្វីដែលសាកសមឱ្យអ្នកធ្វើការដោះដូរជាមួយរបស់
ដែលអ្នកកំពុងមាន។ វាជាកាតព្វកិច្ចចម្បងជាងគេក្នុងការកំណត់អ្វីៗ
ដែលសាកសមទាំងអស់នោះ។ ក្រោយពេលអ្នកបានស្គាល់ច្បាស់
អ្នកនឹងមានសេចក្តីសុខពិតប្រាកដ ហើយអាចសម្រេច
ភាពជោគជ័យដ៏មហិមានៅក្នុងជីវិត។
អ្នកកំពុងរស់នៅក្រោមឥទ្ធិពលរបស់ខ្យល់គ្រប់ប្រភេទ៖
ខ្យល់សេដ្ឋកិច្ច ខ្យល់នយោបាយ ខ្យល់ប្រព័ន្ធផ្សព្វផ្សាយ ខ្យល់
មិត្តភក្តិ ខ្យល់សង្គម ខ្យល់បច្ចេកវិទ្យា និងផ្សេងៗជាច្រើនទៀត។
ពេលវេលាកាន់តែចម្រើនទៅមុខ ខ្យល់ថ្មីៗកាន់តែបង្ហាញខ្លួន
ឡើយ។ ខ្យល់ទាំងអស់នេះមិនអាចបក់ជីវិតរបស់អ្នកឱ្យរសាត់
ទៅដល់កន្លែងដែលជាក្តីស្រមៃបានឡើយ។ ដូច្នេះ អ្នកចាំបាច់ត្រូវ
រៀនដំឡើងក្តោង និងប្រើប្រាស់វាដើម្បីដឹកនាំសំពៅរបស់អ្នកទៅ
កាន់កន្លែងណាដែលខ្លួនចង់ទៅ ហើយ វាជាទំនួលខុសត្រូវចម្បង
របស់អ្នក។ អ្នកអាចទាញប្រយោជន៍ពីអានុភាពរបស់ខ្យល់ទាំងអស់
នោះ។ ប៉ុន្តែ ផ្ទុយមកវិញ ក៏ជាការពិតផងដែរ។ បើអ្នកបណ្តែត
បណ្តោយ អ្នកនឹងក្លាយជាជនរងគ្រោះរបស់វាមិនខានឡើយ។ វាគឺ
អ្វីៗដែលសំខាន់ចំពោះអ្នកដែលបង្ហាញផ្លូវត្រឹមត្រូវ ដែលធ្វើឱ្យអ្នក
មានក្តីរីករាយ និងដែលផ្តល់គុណតម្លៃឱ្យអ្នក។ វាជាអ្វីដែលសំខាន់
ចំពោះអ្នក ដែលផ្តល់បេសកកម្មពិតប្រាកដឱ្យជីវិតរបស់អ្នក។
លោក Viktor Frankl ជាចិត្តវិទូនិងជាអ្នកនិពន្ធដ៏ចំណានម្នាក់
បានលើកឡើងថា “សេចក្តីត្រូវការឧត្តុង្គឧត្តមជាងគេរបស់មនុស្ស
គឺការរកឱ្យឃើញគោលបំណងនិងអត្ថន័យពិតប្រាកដនៃជីវិតរបស់
ខ្លួន”។ អ្នកមិនគ្រាន់តែចង់បានអ្វីមួយឡើយ តែបានវាមកដើម្បីអ្វី?
អ្នកមិនគ្រាន់តែត្រូវការអ្វីមួយឡើយ តែហេតុអ្វីវាសំខាន់ចំពោះអ្នក?
អ្នកមិនគ្រាន់តែធ្វើអ្វីមួយឡើយ ប៉ុន្តែតើមូលហេតុអ្វីដែលអ្នកត្រូវធ្វើ
វា? ការស្វែងរករបស់ដែលសំខាន់ចំពោះអ្នក វាជាដំណើរនៃ
ការកំណត់គោលបំណង ឬកំណត់របស់ដែលផ្តល់អត្ថន័យចាំបាច់
ដល់ជីវិតរបស់អ្នក។ បើគ្មានវាទេ ឬមានដែរតែស្រពិចស្រពិល ជីវិត
របស់អ្នកនឹងគ្រាន់តែជាការស្រវាតោង ជាជាងការផ្សងព្រេង
ដ៏អស្ចារ្យ។
ដើម្បីដឹងរបស់សំខាន់ៗចំពោះអ្នក វាទាមទារឱ្យអ្នកមើលមកខ្លួនឯង
ជាជាងមើលទៅកាន់ពិភពលោកខាងក្រៅ។ សំណួរដែលមាន
អានុភាពបំផុតចំពោះជីវិត គឺ “តើអ្វីខ្លះដែលសំខាន់ចំពោះខ្ញុំ?”។
វាមានលក្ខណៈសាមញ្ញ ប៉ុន្តែវាអាចកកាយបុព្វហេតុនៃជីវិតរបស់
អ្នក និងអាចធ្វើឱ្យអ្នកយល់ច្បាស់អំពីខ្លួនឯង។ ប៉ុន្តែ វាត្រូវការឱ្យ
អ្នកមានភាពស្មោះត្រង់កម្រិតអតិបរមាពេលឆ្លើយនឹងសំណួរនេះ។
លើសពីនេះទៅទៀតនោះ វាត្រូវការឱ្យអ្នកព្យាយាមមើលទៅកាន់
រូបភាពធំ ជាជាងមើលចំណង់តូចៗដែលកំពុងគ្រប់គ្រងជីវិតអ្នក
នាពេលបច្ចុប្បន្ននេះ។ ចូរយក “ផ្ទះ” មួយមកធ្វើការប្រៀបធៀប
ដើម្បីងាយស្រួលយល់ ៖ “តើអ្វីខ្លះដែលសំខាន់ចំពោះផ្ទះ?”។
ចម្លើយអាចមានដូចជា គ្រឹះ សសរ ដំបូល ជញ្ជាំង គ្រឿងសង្ហារឹម
និងទីធ្លាជុំវិញជាដើម។ ដូចគ្នា ប្រសិនបើអ្នកប្រៀបដូចជាផ្ទះមួយ
(ដែលអ្នកនឹងកសាង) តើអ្វីខ្លះដែលសំខាន់ចំពោះអ្នក? អ្នក
ប្រហែលជាមានចម្លើយដូចជា ៖
• សុខភាព
• គ្រួសារ
• ចំណេះវិជ្ជា
• ជំនាញ
• ការងារ
• ទំនាក់ទំនង
• ដំណើរកំសាន្ត
• អនាគត
• ការចូលរួមចែករំលែក
• សន្តិភាពផ្លូវចិត្ត
• បរិស្ថានរស់នៅ ។ល។
បញ្ជីនេះ គឺបង្ហាញឱ្យឃើញចំណែកសំខាន់ៗពិតប្រាកដនៅក្នុង
ជីវិតរបស់អ្នក។ វាក្លាយជារង្វង់ថ្មីដែលអ្នករស់នៅ។ វាមិនមែនជា
រង្វង់ងាយស្រួល(comfort zone)ទេ ព្រោះការរស់នៅក្នុងរង្វង់នេះ
គឺទាមទារវិន័យ ការប្រឹងប្រែង ការលះបង់ ការវិនិយោគ ក៏ដូចជា
ការអនុវត្តឱ្យបានជាប់លាប់ ប៉ុន្តែវាពោរពេញដោយការសន្យានិង
ក្តីសង្ឃឹមដ៏អស្ចារ្យសម្រាប់អនាគត ប្រសិនបើអ្នកប្រកាន់ភ្ជាប់វា
បាន។ វាគឺជាពិភពលោកពិតប្រាកដរបស់អ្នក។
ក្រោយពេលអ្នកមានបញ្ជីនេះ ថ្ងៃនីមួយៗអ្នកធ្វើតែសកម្មភាពទាំង
ឡាយណាដែលស្របនឹងចំណុចនីមួយៗ។ អ្នកធ្វើតែអ្វីដែលនាំឱ្យ
សុខភាពល្អ ឱ្យមានបរិស្ថានរស់នៅស្អាត ឱ្យមានសន្តិភាពផ្លូវចិត្ត
ឬឱ្យការងារចម្រើនឡើង។ គ្រប់សកម្មភាពគឺសុទ្ធតែមាន
ប្រយោជន៍។ រាល់អាកប្បកិរិយាគឺសុទ្ធតែមានតម្លៃ។ ថ្ងៃនីមួយៗ
ក្លាយជាការដាក់សន្សំសម្រាប់អនាគតមួយដែលត្រឹមត្រូវនិងច្បាស់
លាស់។ អ្នកឆ្លាក់ខ្លួនឯងបន្តិចម្តងៗ រហូតដល់ទទួលបានជីវិតមួយ
ដែលពេញលក្ខណៈដើម្បីទទួលបានភាពបរិបូរនិងសុភមង្គល៕
និពន្ធ ៖ ដោ នីដា
រក្សាសិទ្ធិដោយ
ផ្សព្វផ្សាយដើម្បីទាំងអស់គ្នា!