31/07/2026
ហេតុអ្វីបានជាឃុំខ្លួនបណ្ដោះអាសន្ន?
======================
ការឃុំខ្លួនជាបណ្ដោះអាសន្នជាវិធានការដកហូតសិទ្ធិសេរីភាពដើរហើរដែលជាសិទ្ធិមូលដ្ឋានរបស់បុគ្គល ដោយបង្ខាំងទុកបុគ្គលណាម្នាក់ឱ្យនៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួនជាបណ្ដោះអាសន្នសិន រង់ចាំសវនាការជំនុំជម្រះកាត់ក្ដីចុងក្រោយ។
បន្ទាប់ពីព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ ជនត្រូវចោទត្រូវបានបញ្ជូនមកចៅក្រមស៊ើបសួរដើម្បីបំពេញមុខការស៊ើបសួរបន្តពីការស៊ើបអង្គេតរបស់មន្ត្រីនគរបាលយុត្តិធម៌ សំដៅស្វែងរកពិតនៃរឿងក្ដី ហើយដើម្បីធានានូវការស្វែងរកការពិតនេះ ចៅក្រមស៊ើបសួរមានអំណាចឃុំខ្លួនជនណាម្នាក់ជាបណ្ដោះអាសន្នបាន។ លុះពេលចៅក្រមស៊ើបសួរធ្វើការស៊ើបសួរចប់សព្វគ្រប់ ជាយថាហេតុ ចៅក្រមស៊ើបសួរនឹងបញ្ជូនជនត្រូវចោទទៅចៅក្រមជំនុំជម្រះដើម្បីបើកសវនាការកាត់ក្ដីចុងក្រោយ និងចេញសាលក្រមកាត់ទោសថា មានទោស ឬឥតទោស, ប្រសិនបើកាត់ថាមានទោសជនជាប់ចោទនឹងត្រូវបានឃុំខ្លួនជាស្ថាពរ(ទទួលការអនុវត្តទោស) នៅពេលដែលសេចក្ដីសម្រេចចូលស្ថាពរ។
ដូច្នេះទើបច្បាប់ប្រើពាក្យថា "ឃុំខ្លួនជាបណ្ដោះអាសន្ន" នៅពេលនេះ ព្រោះជនត្រូវចោទ មិនទាន់បានជំនុំជម្រះសម្រេចអំពីទោសជាស្ថាពរនៅឡើយ។
សូមបញ្ជាក់បន្ថែមថា ដំណើរការរឿងក្ដីព្រហ្មទណ្ឌ ត្រូវបានបែងចែកជា ៤ (បួន) ដំណាក់កាល ជាដំបូង គឺដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌(ពាក្យសាមញ្ញ ប៉ូលីស ជាដើម) ដែលមានតួនាទីស៊ើបអង្គេត, បន្ទាប់មកបញ្ជូនមកដំណាក់កាលព្រះរាជអាជ្ញាដើម្បីចោទប្រកាន់, ក្រោយពីព្រះរាជអាជ្ញាបានចោទប្រកាន់ហើយ ជនត្រូវចោទត្រូវបានបញ្ជូនមកដំណាក់កាលមួយទៀតហៅថាដំណាក់កាលចៅក្រមស៊ើបសួរ និងដំណាក់កាលចុងក្រោយហៅថាដំណាក់កាលជំនុំជំម្រះ ដោយនៅពេលដែលចៅក្រមស៊ើបសួរបានស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបញ្ជូនមកចៅក្រមជំនុំជម្រះដើម្បីបើកសវនាការកាត់ទោស និងចេញសាលក្រមសម្រេចថាមានទោស ឬឥតទោស។
សូមគោរពអរគុណ។