01/08/2026
ជនមានពិការភាពចំនួន ៧៧ នាក់ទទួលបានការបណ្តុះបណ្តាលអំពីសហគ្រិនភាពនិងការគ្រប់គ្រងហិរញ្ញវត្ថុ សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង
ខេត្តសៀមរាប៖ ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពសពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីសហគ្រិនភាព និងការគ្រប់គ្រងហិរញ្ញវត្ថុដល់ជនមានពិការភាព នៅសាលប្រជុំសាលាក្រុងសៀមរាបនៃខេត្តសៀមរាប។
វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ ដែលសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនិងក្រុមហ៊ុន PSC ដែលគាំទ្រដោយមូនិធិធនាគារ Maybank និងមានការអញ្ជើញចូលរួមពីលោកស្រី គីម ច័ន្ទមល្លិកា ប្រធានសាខាធនាគារមេយប៊ែងខេត្តសៀមរាប លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប លោក បឹង ពេជ្រ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន ក.ស.ជ និងសិក្ខាកាមសរុបចំនួន៨៩ នាក់ ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើមេរៀនចំនួន១២គឺ÷ មេរៀនទី១: ការយល់ដឹងនិងការផ្លាស់ប្តូរ (I) , មេរៀនទី២: ការយល់ដឹងនិងការផ្លាស់ប្តូរ (II), មេរៀនទី៣: ការវិភាគស្វែងរក, មេរៀនទី៤: ការវិភាគទៅលើអតិថិជន, មេរៀនទី៥: “Blue Ocean”, មេរៀនទី៦: ការធ្វើផែនការក្នុងការប្រកបអាជីវកម្ម, មេរៀនទី៧: បុគ្គលិកលក្ខណៈរបស់អ្នកលក់, មេរៀនទី៨: យុទ្ធសាស្រ្តលក់,មេរៀនទី៩: សេចក្តីផ្តើម នៃការគ្រប់គ្រងហិរញ្ញវត្ថុ,មេរៀនទី១០: គោលដៅហិរញ្ញវត្ថុ,មេរៀនទី១១: គម្រោងថវិកា និងការតាមដាន,មេរៀនទី១២: ការវិនិយោគ។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែល ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានពាំនាំមតិផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការដល់បងប្អូនជនមានពិការភាពជាងនេះទៅទៀតឯកឧត្ដមបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ខិតខំប្រឹងរៀនសូត្រនូវមេរៀនដែលគ្រូឧទ្ទេសបានបង្ហាញ ឯកឧត្ដម ក៏បានមានប្រសាសន៍បន្ថែមទៀតថា លក្ខខណ្ឌជីវិតរបស់បងប្អូនមានពិការភាពមានការប្រសើរឡើង ដរាបណាពួកគាត់មានមូលដ្ឋានគ្រឹះនៃការអប់រំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបំណិនជីវិត ប្រកបដោយគុណភាពគឺការមានចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងច្បាស់លាស់ដែលគឺជាដើមទុនដំបូងបំផុតជួយឱ្យពួកគាត់អាចឈានចាប់យកជំនាញបានត្រឹមត្រូវប្រកបដោយគុណវុឌ្ឍ និងធានាបាននូវភាពជោគជ័យ ក្នុងការប្រកួតប្រជែងផលិតភាព ជាមួយអ្នកដទៃលើទីផ្សារសេរី ដូចពាក្យចាស់ពោលថា «បើចេះជំនាញអ្វីឱ្យប្រាកដ ប្រាក់ហូរចូល»៕