ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia Manages and Develops Civil Service Sector of the Kingdom of Cambodia 🇰🇭
(653)

កំពុងដំណើរការ៖ ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិ...
03/08/2026

កំពុងដំណើរការ៖ ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM)

សៀមរាប៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់ ACCSM, មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ាន។

នៅក្នុងឱកាសបើកកិច្ចប្រជុំនេះ ឯកឧត្តម យក់ ប៊ុនណា បានដឹកនាំពិនិត្យ ពិភាក្សា និងសម្របសម្រួលលើឯកសារគតិយុត្តសំខាន់ៗ វឌ្ឍនភាពការងារ និងរបៀបវារៈនានា ជាមួយបណ្តាប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានាឱ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្តបន្ទាប់ ទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យខ្ពស់។

កិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធ និងជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។






ព្រឹកថ្ងៃទី១ នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ (8th ACCSM+3) បានចាប់ផ្តើម...
03/08/2026

ព្រឹកថ្ងៃទី១ នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ (8th ACCSM+3) បានចាប់ផ្តើម

នាព្រឹកនេះ មន្ត្រីជាន់ខ្ពស់នៃប្រតិភូអាស៊ានបានអញ្ជើញមកដល់សណ្ឋាគារសុខាសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។

សូមរង់ចាំតាមដានព័ត៌មានជាបន្តបន្ទាប់!

__

Day 1 of the 23rd ASEAN Cooperation on Civil Service Matters (23rd ACCSM) and the 8th ACCSM+3 has officially begun

This morning, senior officials from across the ASEAN delegation arrived at the Sokha Siem Reap Hotel to commence discussions on public administration. This year's ACCSM meetings are guided by the theme: “Innovation for Better Public Service Delivery.”

Stay tuned for more updates!






03/08/2026
កម្ពុជាសូមស្វាគមន៍ ការមកកាន់ទឹកដីអង្គរ ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា សូមស្វាគមន៍ការអញ្ជើញដល់ជាបន្តបន្ទាប់របស...
02/08/2026

កម្ពុជាសូមស្វាគមន៍ ការមកកាន់ទឹកដីអង្គរ ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា

សូមស្វាគមន៍ការអញ្ជើញដល់ជាបន្តបន្ទាប់របស់គណៈប្រតិភូអាស៊ានមកពីលេខាធិការដ្ឋានអាស៊ាន និងប្រទេសដែលជាសមាជិកអាស៊ាន ព្រមទាំងសមាជិកអាស៊ានបូកបី ក៏ដូចជាជាមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់មកកាន់ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

ក្រសួង-ស្ថាប័នចំនួន៤ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យគ្រប់គ្រងមន្ត្រីសុខាភិបាលមូលដ្ឋាន និងថ្នាក់ដឹកនាំសាលាមធ្យមសិក្សាក្រ...
02/08/2026

ក្រសួង-ស្ថាប័នចំនួន៤ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យគ្រប់គ្រងមន្ត្រីសុខាភិបាលមូលដ្ឋាន និងថ្នាក់ដឹកនាំសាលាមធ្យមសិក្សា

ក្រសួង-ស្ថាប័នចំនួន៤ បានជួបប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យសំខាន់ៗចំនួន២ ពាក់ព័ន្ធនឹងនីតិវិធីនៃការតែងតាំង និងបញ្ចប់មុខតំណែងមន្ត្រីនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីជំនាញសរុបប្រមាណ ៣០រូប។

របៀបវារៈសំខាន់ក្នុងកិច្ចប្រជុំ គឺការផ្ដោតទៅលើការពិនិត្យសេចក្តីព្រាងអនុក្រឹត្យចំនួន២ រួមមាន៖ (ទី១) អនុក្រឹត្យស្តីពី គោលការណ៍ និងនីតិវិធីនៃការតែងតាំង បញ្ចប់មុខតំណែង ផ្លាស់ប្តូរកន្លែងធ្វើការ និងផ្ទេរអង្គភាពរបស់មន្រ្តីសុខាភិបាល នៃអង្គភាពសុខាភិបាលមូលដ្ឋាន។ (ទី២) អនុក្រឹត្យស្តីពី គោលការណ៍ និងនីតិវិធីនៃការតែងតាំង និងបញ្ចប់មុខតំណែងនាយក នាយករង នៃគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ។

គួររំលេចថា ការតាក់តែងសេចក្តីព្រាងអនុក្រឹត្យទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង ព្រមទាំងការផ្តល់សេវាសុខាភិបាលមូលដ្ឋាន និងសេវាអប់រំនៅតាមសាលាមធ្យមសិក្សាសាធារណៈ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ជាងមុន៕

ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍ ការអញ្ជើញដល់របស់គណៈប្រតិភូមកពីប្រទេសដែលជាសមាជិកអាស៊ាន និងអាស៊ានបូកប...
02/08/2026

ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍ ការអញ្ជើញដល់របស់គណៈប្រតិភូមកពីប្រទេសដែលជាសមាជិកអាស៊ាន និងអាស៊ានបូកបី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ។

ខេត្តសៀមរាប គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានផ្ទៃក្រឡាសរុប ១០,២៩៩គីឡូម៉ែតការ៉េ មានក្រុង-ស្រុកចំនួន១៣, ឃុំសង្កាត់ចំនួន១០០ និងភូមិ៩១០។ ទីរួមខេត្តរបស់ខេត្តសៀមរាប គឺក្រុងសៀមរាប និងក្រុងរុនតាឯក។
ខេត្តសៀមរាប ត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាទីតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តនេះ គឺជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។

ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងទៅជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានបុរាណ និងប្រាសាទបុរាណជាច្រើន ដែលស្ថិតនៅក្នុងក្រុង និងក្រៅក្រុងនៃខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ឱ្យភ្ញៀវទេសចរមកពីគ្រប់ទិសទីទស្សនា និងសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងសង្គមធម៌របស់ខ្មែរ។

កម្ពុជានឹងដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាអ...
02/08/2026

កម្ពុជានឹងដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាអភិបាលកិច្ចល្អ នាថ្ងៃស្អែកនេះ

គណៈកម្មការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាអភិបាលកិច្ចល្អ បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលស្វាគមន៍ប្រតិភូអាស៊ានដែលនឹងមកចូលរួមកិច្ចប្រជុំនាថ្ងៃស្អែក។

ដើម្បីសម្រួលដល់ការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ គណៈកម្មការ បានរៀបចំទីតាំងសម្រាប់ធ្វើបទសម្ភាសន៍ជាមួយប្រតិភូមកពីបណ្ដាប្រទេសនានា និងភាគីពាក់ព័ន្ធ នៅក្នុងមណ្ឌលព័ត៌មាន ACCSM Media Center។

២ថ្ងៃខាងមុខនេះ កម្ពុជានឹងដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធ...
01/08/2026

២ថ្ងៃខាងមុខនេះ កម្ពុជានឹងដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ នៅខេត្តសៀមរាប

ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងព្រឹត្តិការណ៍ពាក់ព័ន្ធឆ្នាំ២០២៤-២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះក៏នឹងមានរៀបចំវេទិកាអភិបាលកិច្ចល្អ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ។ វេទិកាអភិបាលកិច្ចល្អ ចែកចេញជា ៣វគ្គរួមមាន៖

👉 វេទិកាចែករំលែកទី១ មានការអញ្ជើញចូលរួមពីប្រទេសប៊្រុយណេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសថៃ និងប្រទេសចិន ដោយចែករំលែកនូវប្រធានបទ៖ Innovative Practices in Public Service Delivery។

👉វេទិកាចែករំលែកទី២ មានការអញ្ជើញចូលរួមពីប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសកូរ៉េខាងត្បូង
ដោយចែករំលែកនូវប្រធានបទ៖ Digital Enablement in Public Service Delivery។

👉 វេទិកាចែករំលែកទី៣ មានការអញ្ជើញចូលរួមពីប្រទេសមីយ៉ាន់ម៉ា ប្រទេសទីម័រឡេស្តេ ប្រទេសវៀតណាម និងប្រទេសជប៉ុន ដោយចែករំលែកនូវប្រធានបទ៖ Emerging Trends and Innovative Solutions in Public Service Delivery។

ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទ...
31/07/2026

ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីកិច្ចការមុខងារ សាធារណៈលើកទី៨ (8th ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង (Innovation for Better Service Delivery)» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអំពីខ្លឹមសារ និងព្រឹត្តិការណ៍ដ៏សំខាន់នេះជូនដល់សាធារណជនឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ សូមអ្នកសាrព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាចូលរួម ដោយចុះឈ្មោះជាមុន តាមរយៈរយៈគេហទំព័រ www.accsmcambodia.info ឬ ទាក់ទងតាមរយៈលេខទូរសព្ទ ០៧០ ៨៧១ ៨៨៩ និង/ឬ ០១០ ៣៦២ ៣៩០។

———————————

The Ministry of Civil Service of the Kingdom of Cambodia will host the 23rd ASEAN Cooperation on Civil Service Matters (23rd ACCSM), the 8th ACCSM Plus Three (8th ACCSM+3), and related events for 2026. The meetings will be held under the theme "Innovation for Better Service Delivery" from August 3 to 5, 2026, in Siem Reap Province.

Media Registration can be made via www.accsmcambodia.info or contact 070 871 889 and/or 010 362 390.






៣ថ្ងៃខាងមុខនេះ កម្ពុជានឹងដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធ...
31/07/2026

៣ថ្ងៃខាងមុខនេះ កម្ពុជានឹងដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ នៅខេត្តសៀមរាប

សម្រាប់ឆ្នាំ២០២៤-២០២៦នេះ គឺជាលើកទី២ កម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំនេះជាថ្មីក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង (Innovation for Better Service Delivery)» ដែលទទួលបន្ទុករៀបចំដោយក្រសួងមុខងារសាធារណៈ។ ការជ្រើសរើសមូលបទនេះ គឺក្នុងគោលបំណងដូចខាងក្រោម៖

(១). ប្រមូលផ្តុំ និងចែករំលែកនូវពុទ្ធិ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងនវានុវត្តន៍ ក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ សម្រាប់ប្រទេសសមាជិកអាស៊ាន និងដៃគូ
(២).​ បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តឯកសារណែនាំអាស៊ានស្តីពី ការផ្តល់សេវាសាធារណៈ និង
(៣). ជំរុញការអនុវត្តនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពសេវាដែលផ្តល់ជូនដល់ប្រជាពលរដ្ឋ និងនាំអាស៊ាននិងដៃគូសម្រេចឱ្យបាននូវ៖ គោលបំណងរបស់ផែនការការងារ ACCSM 2021-2025 “To build and sustain a high performing, dynamic and citizen-centric civil service for the people of ASEAN”, ចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ “Integrated, Inclusive, Resilient, and People-Oriented”, និងចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ “Resilient, Innovative, Dynamic, and People-Centred ASEAN” ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ចំណុចទី១៦ ”Peace, Justice and Strong Institutions” ។

ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តសិទ្ធភាព គឺជាចំណុចស្នូលនៃទំនុកចិត្ត​​របស់ប្រជាពលរដ្ឋ ចំពោះរាជរដ្ឋាភិបាល និងជាកាតាលីករដ៏សំខាន់បំផុតមួយ ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដោយយោងលើសារៈសំខាន់នេះ ទាំងមន្រ្តីរាជការ ទាំងអង្គភាពផ្តល់សេវាសាធារណៈ​​ទាំងអស់ ត្រូវបន្តរិះរកនិងអនុវត្តវិធីសាស្រ្តបំពេញការងារថ្មីៗ ដើម្បីពង្រឹងនិងលើកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើងជាប្រចាំ​ និងត្រូវឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជន នៅគ្រប់កាលៈទេសៈ និងស្របទៅនឹងនិន្នាការនៃការវិវត្តន៍នៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចសង្គមជាតិ​ តំបន់ និងសកលលោក។

Address

ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
Phnom Penh
12405

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85515214444

Alerts

Be the first to know and let us send you an email when ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia:

Shortcuts

Share