18/08/2026
វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ
=====
ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលស្ថាបនាផ្ទាល់ដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ ដោយវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោត លើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះសម្រេចបានលទ្ធផលដូចខាងក្រោម៖
១. បានបញ្ជូនកម្លាំងរបស់បញ្ជាការដ្ឋានវិស្វកម្មសម្រាប់ការកសាងផ្លូវ ចំនួន៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។
២. ការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីសរុបទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមានគ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រា ប់។
៣. ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ២០ ខែ កន្លងមកនេះ កម្លាំងវិស្វកម្ម អគ្គបញ្ជាការ បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែង បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង និងកសាងតួផ្លូវ សម្រេចបានប្រវែង ២៦១,៩០ គីឡូម៉ែត, និង ចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៥១,៩០ គីឡូម៉ែត្រ។ លទ្ធផលរួមនៃដំណើរការកសាង ផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩៧,៦៣%។ ជាមួយគ្នានេះ, កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កងឯកភាពលេខ៧១៥ បានឈូសបើកផ្លូវក្នុងទឹកដីកម្ពុជាទៅដល់បង្គោលលេខ ០ (តំបន់កន្ទុយនាគ) ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម និងបាននិងកំពុងបន្តកសាង និងពង្រឹងផ្លូវនេះ ដើម្បីធានាភាពងាយស្រួលក្នុងការធ្វើដំណើរ។
៤. បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ៥៤ កន្លែង ស្មើនឹង ៤៦៤,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៤៨៤ កន្លែង, និងស្ថាប នាសម្រេចជាស្ថាពរនូវសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់ សរុប ចំនួន ១៤ កន្លែង ស្មើនឹង ៣០៥,៤០ ម៉ែត្រ ក្នុងនោះ ថ្នល់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ២៤៥ ម៉ែត្រ និងទំនប់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ៦០,៤០ ម៉ែត្រ, និងស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ២ កន្លែង ប្រវែង ៥៤ ម៉ែត្រ។
៥. បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការ ៨ កន្លែង និង បានដាំកូនត្នោត ដែលជាអត្តសញ្ញាណជាតិ សរុបចំនួន ៥.១៦៦ ដើម។
៦. កងកម្លាំវិស្វកម្ម បាននិងកំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេស ខ្សែផ្លូវក្នុងទិសខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួចរាល់ ដើម្បីធានាគុណភាពរឹងមាំ និងបង្កាការខូចខាត ជាយថាហេតុនៅក្នុងរដូវវស្សា, បន្តជំរុញល្បឿនការងារកសាងសំណង់ផ្លូវ និងការកសាងសំណង់សិល្បការ្យ គ្រប់ប្រភេទនៅទិសខេត្តរតនគិរី ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន, និងចាត់តាំងដឹកជញ្ជូន ប្រេងឥន្ធនៈ សម្ភារៈ វត្ថុធាតុដើម ចូលទៅផ្គត់ផ្គង់ដល់ការដ្ឋានទិសខេត្តរតនគិរី ដើម្បីបញ្ចប់គម្រោងកសាង ផ្លូវក្រវាត់ព្រំដែននេះ តាមផែនការដែលបានគ្រោងទុក។
៧. កងកម្លាំងវិស្វកម្ម នឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលថ្នាក់ដឹកនាំប្រគល់ឲ្យ។