31/07/2026
កិច្ចពិភាក្សាត្រៀមរៀបចំសិក្ខាសាលាបណ្តុះបណ្តាលភាសាជប៉ុន សម្រាប់គ្រូភាសាជប៉ុនរបស់សមាជិកសមាគមអលម៉េក
នារសៀល ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន (The Japan Foundation) លោកស្រី អ៊ុង ទិត្យាសុវណ្ណារ៉ុប អនុប្រធានសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា និងជាប្រធានផ្នែកបណ្តុះបណ្តាល និងលោក ពិន វិរៈ នាយកប្រតិបត្តិ នៃសមាគមអលម៉េក (ALMAC) បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Hirabayashi Chisaki ជំនួយការអគ្គនាយកការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន (The Japan Foundation) និងសហការី។
កិច្ចជំនួបនេះ ក្នុងគោលបំណងពិភាក្សា និងត្រៀមរៀបចំសិក្ខាសាលាបណ្តុះបណ្តាលភាសាជប៉ុនសម្រាប់គ្រូភាសាជប៉ុនរបស់សមាជិកសមាគមអលម៉េក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការរៀបចំខ្លឹមសារ ឯកសារពាក់ព័ន្ធ របៀបវារៈ និងវិញ្ញាបនបត្រ សម្រាប់កម្មវិធីបណ្តុះបណ្តាល ដើម្បីធានាថាវគ្គបណ្តុះបណ្តាលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សមាជិក និងជួយពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការបណ្តុះបណ្តាលភាសាជប៉ុនជូនដល់សិក្ខាកាម និងជនទេសន្តរប្រវេសន៍ការងារកម្ពុជាដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន។
ជំនួបនេះ គឺជាផ្នែកមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង សមាគមអលម៉េក និងមូលនិធិជប៉ុន ក្នុងការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សមត្ថភាពភាសាជប៉ុន និងការត្រៀមលក្ខណៈកាន់តែប្រសើរសម្រាប់ជនទេសន្តរប្រវេសន៍ការងារកម្ពុជាក្នុងការចូលរួមទីផ្សារការងារនៅប្រទេសជប៉ុន។
#អលម៉េក #ការបណ្តុះបណ្តាលភាសាជប៉ុន #ជនទេសន្តរប្រវេសន៍ការងារកម្ពុជា #កិច្ចសហប្រតិបត្តិការ