24/07/2026
ទស្សនាវីដេអូសង្ខេប៖ កម្មវិធីប្រគល់សញ្ញាបត្រជូនអ្នកតំណាង Sisters of Code ប្រចាំខេត្តតាកែវ!
សូមចូលរួមអបអរសាទរប្អូនៗទាំង ២៩រូប មកពីវិទ្យាល័យគោលដៅទាំង ៦ទីតាំងនៅក្នុងតាកែវ រួមមាន (១) វិទ្យាល័យ សុខ អាន ត្រាំខ្នារ (២) វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី (៣) វិទ្យាល័យ ហ៊ុន សែន ១មិថុនា (៤) វិទ្យាល័យ អង្គរកា (៥) វិទ្យាល័យ ហ៊ុន សែន អង្គរបុរី និង (៦) វិទ្យាល័យ ហេង សំរិន ព្រៃល្វា ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Sisters of Code Ambassadors រយៈពេល ១៥សប្តាហ៍ ដោយជោគជ័យ។
ការបណ្តុះបណ្តាល Sisters of Code Ambassadors គឺជាកម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកដែលត្រូវបានរចនាឡើង ក្នុងគោលបំណងផ្តល់នូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលត្រូវការចាំបាច់ ដើម្បីក្លាយជាអ្នកដឹកនាំសហគមន៍ និងអ្នកអប់រំបច្ចេកវិទ្យា។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិស្សចំនួន ១៥រូប ត្រូវបានជ្រើសរើសធ្វើជាទូតជួយជំរុញការអប់រំ ណែនាំ និងជួយបង្ហាត់បង្រៀនដល់សមាជិកសហគមន៍ដែលពួកគេរស់នៅ និងដឹកនាំក្លឹបសិក្សាសរសេរកូដចំនួន ៧ ដើម្បីបង្រៀនសិស្សស្រីនៅតាមវិទ្យាល័យរៀងៗខ្លួនមានចំនួនប្រមាណ ១០៨នាក់ បន្ថែមទៀត។
ក្រុមការងារទាំងអស់ពិតជាមានមោទនភាពចំពោះការរីកចម្រើនរបស់សិស្សានុសិស្សទាំងអស់ និងរីករាយប្តេជ្ញា បន្តគាំទ្រពួកគេក្នុងដំណើរអភិវឌ្ឍចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា។
ស្វែងយល់បន្ថែមអំពីគម្រោង ម.ប.ស. តាមរយៈ www.ctc.edu.kh