17/05/2026
ប៉ុន្មានថ្ងៃមកនេះ ខ្ញុំសង្កេតឃើញមានការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងសុវត្ថិភាពគណនីធនាគារក្នុងការប្រើប្រាស់កម្មវិធី DG SuperApp។ កន្លងមកការការពារទិន្នន័យឯកជនភាពរបស់ពលរដ្ឋ គឺជាអាទិភាពចម្បងបំផុតរបស់ក្រសួងដែលតែងតែបានគិតគូ។ ក្នុងនាមខ្ញុំជា developer និងក៏ជាអ្នកដឹកនាំកិច្ចការការងារពិនិត្យគុណភាពនិងវាយតម្លៃសុវត្ថិភាពប្រព័ន្ធមួយរូប សូមធ្វើការបកស្រាយលម្អិតតាមផ្នែកបច្ចេកទេស ដូចខាងក្រោម៖
១. ហេតុអ្វីមិនប្រើ Google ឬ Apple ID ហើយតម្រូវឱ្យប្រើ BankID?
ការផ្ទៀងផ្ទាត់អត្តសញ្ញាណ (eKYC) កម្រិតខ្ពស់៖ បណ្ណបើកបរគឺជាឯកសារផ្លូវច្បាប់។ គណនី Google ឬ Apple ID នរណាក៏អាចបង្កើតបានដោយប្រើឈ្មោះក្លែងក្លាយ ដូច្នេះយើងមិនអាចយកវាមកធ្វើជាគោលក្នុងការបញ្ជាក់អត្តសញ្ញាណផ្លូវច្បាប់បានទេ។ ចំណែកឯ BankID វិញ មុននឹងធនាគារអនុញ្ញាតឱ្យបើកគណនីបាន ធនាគារបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណយ៉ាងច្បាស់លាស់ (មានអត្តសញ្ញាណប័ណ្ណ រូបថត និងស្កេនមុខ - eKYC) ត្រឹមត្រូវតាមស្តង់ដារ។ ដូច្នេះ ការភ្ជាប់ជាមួយ BankID គឺដើម្បីបញ្ជាក់ថា "អ្នកប្រើប្រាស់ពិតជាម្ចាស់បណ្ណបើកបរនោះប្រាកដមែន" ការពារកុំឱ្យជនខិលខូចយកបណ្ណបើកបររបស់អ្នកដទៃទៅចុះឈ្មោះប្រើប្រាស់។
ចំណែកឯ CamDigiKey៖ រដ្ឋពិតជាមានប្រព័ន្ធ CamDigiKey ដែលជាថ្នាលផ្ទៀងផ្ទាត់អត្តសញ្ញាណដ៏ល្អ។ ការប្រើប្រាស់ BankID គឺជាជម្រើសដ៏ងាយស្រួលនិងឆាប់រហ័សមួយបន្ថែមទៀត (Alternative Option) ដោយសារតែពលរដ្ឋភាគច្រើនមានកម្មវិធីធនាគារក្នុងទូរស័ព្ទស្រាប់ ដែលធ្វើឱ្យការចុះឈ្មោះមានភាពរហ័ស។
២. តើរដ្ឋអាចលួចយកព័ត៌មានក្នងធនាគារ ឬកាត់លុយពីគណនីបានដែរឬទេ?
នេះគឺជាការយល់ច្រឡំមួយ ដោយផ្អែកលើគោលការណ៍បច្ចេកទេសសន្តិសុខសាយប័រ និងស្ថាបត្យកម្មប្រព័ន្ធ (System Architecture)
មិនអាចលួចព័ត៌មាន ឬមើលសមតុល្យទឹកប្រាក់បានទេ ការតភ្ជាប់រវាង DG SuperApp និងធនាគារ គឺប្រើប្រាស់បច្ចេកវិទ្យា Authentication API។ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យកម្មវិធី DG SuperApp ស្នើសុំតែទិន្នន័យ "អត្តសញ្ញាណ" (ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ) ប៉ុណ្ណោះ ដើម្បីផ្ទៀងផ្ទាត់ជាមួយបណ្ណបើកបរ។ ក្រសួង មិនអាច ចូលមើលលេខសម្ងាត់ (Password) មិនអាចមើលទំហំទឹកប្រាក់ ឬប្រតិបត្តិការហិរញ្ញវត្ថុណាមួយរបស់បងប្អូនបានជាដាច់ខាត។
មិនអាចកាត់លុយពីគណនីបានជាដាច់ខាត៖ ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ (Identity Verification) និងប្រព័ន្ធកាត់ប្រាក់ (Payment Gateway) គឺដំណើរការលើខ្សែបណ្តាញ API ដាច់ដោយឡែកពីគ្នាទាំងស្រុង។ ការ Login ដោយប្រើ BankID គឺគ្រាន់តែប្រាប់ធនាគារថា "សូមជួយបញ្ជាក់ប្រាប់រដ្ឋផង ថាខ្ញុំពិតជាម្ចាស់អត្តសញ្ញាណប័ណ្ណនេះមែន"។ វាមិនមានមុខងារ ឬសិទ្ធិ (Permission) ណាមួយក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់នោះទេ។ ការកាត់ប្រាក់ណាមួយ លុះត្រាតែមានការវាយបញ្ចូលលេខកូដ PIN អនុម័តចេញពីកម្មវិធីធនាគារដោយផ្ទាល់ដៃរបស់បងប្អូនប៉ុណ្ណោះ។
តាមរយៈការយកចិត្តទុកដាក់ទៅលើបញ្ហាសុវត្ថិភាពដែលក្រសួងតែងប្រកាន់ខ្ជាប់ គឺច្បាស់ណាស់ DG SuperApp ត្រូវបានឆ្លងកាត់ការវាយតម្លៃគុណភាព និងសន្តិសុខសាយប័រ (Security Assessment & Software Quality Assurance) យ៉ាងតឹងរ៉ឹងបំផុត មុននឹងដាក់ឱ្យប្រើប្រាស់ ដើម្បីធានាបាននូវសុវត្ថិភាព និងឯកជនភាពទិន្នន័យរបស់បងប្អូនប្រជាពលរដ្ឋស្របតាមស្តង់ដារអន្តរជាតិ។
Credit : Sam Kakada