04/08/2026
នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ គោរពតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន ២រូប បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី "ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលអាហារភិរម្យ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា តំណាងក្រសួង ស្ថាប័ន អង្គទូត សាកលវិទ្យាល័យ អ្នកបង្កើតគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ ២៧០នាក់ ក្នុងគោលបំណង ១) បញ្ជ្រាបការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចកម្ពុជា និង ២) ប្រមូលមតិយោបល់សម្រាប់រៀបចំមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០។