17/08/2026
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការរង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចូលរួម «សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសាស្ត្រាចារ្យ ចំនួន ៥រូប មកពីវិទ្យាស្ថានសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង នៃសាកលវិទ្យាល័យប៉េកាំង។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកប្រព័ន្ធអំពីតក្កវិជ្ជាផ្ទៃក្នុង និងមាគ៌ាអនុវត្តជាក់ស្ដែងនៃទំនើបកម្មតាមបែបផែនចិន ដោយតភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងស្ថានភាពអភិវឌ្ឍន៍ជាក់ស្ដែងក្នុងបរិបទរបស់កម្ពុជា ដើម្បីផ្ដល់ជាធាតុចូលនិងបទពិសោធដ៏មានសារៈសំខាន់ក្នុងការជួយកម្ពុជាដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍ ការលើកកម្ពស់សមត្ថភាពផ្ដល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានចូលរួមសរុបប្រមាណជាង ៤០០រូប៕
Posted by: KLC ៚ ឃួន លឹមឈាន់
រូបភាព : គ.រ.ម.