អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

នាព្រឹកថ្ងៃចន្ទ ៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅអង្គការផ្ទះបាយកុមារ ស្ថិត...
03/08/2026

នាព្រឹកថ្ងៃចន្ទ ៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅអង្គការផ្ទះបាយកុមារ ស្ថិតនៅផ្លូវលេខ ១៣៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, លោកបណ្ឌិត សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផ្ដល់ជូនអង្គការផ្ទះបាយកុមារ។
អំណោយសប្បុរសធម៌ដែលបានផ្តល់ជូន អង្គការផ្ទះបាយកុមារ រួមមាន៖ អង្ករចំនួន ៦០០ គីឡូក្រាម, ស្ករស ៥០ គីឡូក្រាម, មីជាតិនិងមីខ្លាឃ្មុំ ៤៨ កេសតូច, ប្រេងឆា ៤ដបធំ, ទឹកត្រី ១២ យួរ, ទឹកស៊ីអ៊ីវក្រហម VN ២កេស, ត្រីខ ២កេស, ទឹកដោះគោខាប់ ២កេស,ទឹកដោះគោ Angkor milk ១០កេស, សៀវភៅរឿងនិទាន ១០០ក្បាល, ឧបត្ថម្ភថវិកាជូនអង្គការមួយចំនួន ព្រមទាំងជូនថវិកាដល់បុគ្គលិកបម្រើការ និងរៀបចំអាហារពេលព្រឹក (នំបញ្ចុកខ្មែរ) ចែកជូនដល់កុមារនិងអ្នកចូលរួមទាំងអស់ផងដែរ។
ក្នុងនាមក្រុមការងារសប្បុរសធម៌ លោកបណ្ឌិត សង់ ស៊ីណាវិទ្យ បានសម្តែងសេចក្តីសោមនស្សរីករាយ ព្រមទាំងបានពាំនាំនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត គុណ ញឹម និងលោកជំទាវ ជូនដល់ក្មួយៗកុមារទាំងអស់ដែលកំពុងស្នាក់នៅក្នុងអង្គការផ្ទះបាយកុមារ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិតបានថ្លែងនូវអំណរគុណចំពោះអង្គការនេះដែលបានចូលរួមជួយគាំពារនិងលើកកម្ពស់សុខុមាលភាពដល់កុមារ ដែលស្ថិតក្នុងជីវភាពគ្រួសារខ្វះខាត និងងាយរងគ្រោះក្នុងសង្គម ព្រមទាំងបានការកោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់អង្គការ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលាប្រកបដោយទឹកចិត្តសប្បុរស ក្នុងការជួយសង្គ្រោះដល់ក្មួយៗកុមារ ឱ្យមានសុខភាពល្អរឹងមាំ ដើម្បីរៀនសូត្របានពូកែ និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍសង្គមជាតិក្នុងពេលអនាគត។
តំំណាងអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារ ជាពិសេស ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ ចំណាយធនធានថវិកានិងសម្ភារជួយដល់ អង្គការនាពេលនេះ ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភសម្រាលការខ្វះខាត និងតម្រូវការជាមូលដ្ឋានរបស់អង្គការ។

នាព្រឹក ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហេង សំអូន អគ្គ...
31/07/2026

នាព្រឹក ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហេង សំអូន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានចុះជួបសំណេះ​សំណាល​​សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌​ដ៏ថ្លៃថ្លារបស់​​សមាគមសង្គហមិត្តមន្ត្រីរាជការនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជូន​ដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។​​
អំណោយ​សប្បុរសធម៌​ដែលបានផ្តល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នាឱកាសនេះ​ រួមមាន អង្ករចំនួន ១តោន, មី ៣០កេសតូច, ត្រីខ ៣កេសធំ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥ យួរ, ស្ករស ៦០គីឡូក្រាម, អំបិល ៦០ គីឡូក្រាម, ប្រេងឆា ២កេស, ប៊ីចេង ១ កេសធំ, ម្សៅស៊ុប ២ កេស, ឆៃប៉ូវផ្អែម ១០ គីឡូក្រាម, សាប៊ូម្សៅ ២កេស, សាប៊ូដុំដុសខ្លួន ២ កេស, សាប៊ូលាងដៃ ២កេស, សាប៊ូលាងចាន ២ កេស, សំឡីអនាម័យ ៥ កេស, នំ ៨ កេស, ទឹកដោះគោខាប់ ៥កេស, ទឹកដោះគោរាវ ១០កេស, ឈុតសៀវភៅសរសេរ និងផាត់ព៌ណ ១៣០ឈុត និងថវិកាឧបត្ថម្ភមួយចំនួនជូនមណ្ឌល រួមទាំងជូនដល់បុគ្គលិកថែទាំចំនួន ១៩នាក់ និងកុមារកំព្រា ទាំង ១៣០នាក់ ផងដែរ។
នាឱកាសនោះ លោកជំទាវ ហេង សំអូន បានពាំនាំនូវ​ការ​ផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់​ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា និង​លោកជំទាវ ដែល​ជា​និច្ចកាល​តែងយក​ចិត្តទុកដាក់​​ដល់​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌ ដើម្បី​រួមចំណែកសម្រួលការលំបាក​ និង​​លើកកម្ពស់​សុខុមាលភាព​របស់កុមារកំព្រា និ​ង​ជនងាយរងគ្រោះជាច្រើន។ លោកជំទាវ​ក៏បាន​ថ្លែង​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រកបដោយការទទួលខុសត្រូវ ការលះបង់ និងទឹកចិត្តមេត្តាករុណារបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃសមាគមនេះ ដែលបានផ្តល់ជាទីជម្រកដ៏កក់ក្តៅ ការថែទាំសុខភាព​ ការអប់រំ ការ​បណ្តុះបណ្តាល​ជំនាញ​នានា​ដល់កុមារ​កំព្រា​ជា​ច្រើន ប្រកបដោយការអត់ធ្មត់ និងទឹកចិត្តអាណិតអាសូរសណ្តោសប្រណី។

ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនា...
31/07/2026

ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន NUCTECH Company Limited (NUCTECH) នៅខេត្តជៀងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់អំពីប្រព័ន្ធគយឆ្លាតវៃ និងប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការគយស្របតាមយុទ្ធសាស្រ្តកែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ និងយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០២៥-២០២៩ សំដៅចូលរួមបង្កើននូវកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាពនៃការបំពេញកាតព្វកិច្ចពន្ធអាករ និងទប់ស្កាត់អំពើរត់គេចនិងបន្លំពន្ធ។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ អគរ បានជួបប្រជុំជាមួយលោក Yang Bo អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន NUCTECH ដែលជាក្រុមហ៊ុនឈានមុខលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យ និងបានទទួលផ្គត់ផ្គង់ និងផ្តល់សេវាកម្មថែទាំម៉ាស៊ីនស្គែន នៅតាមបណ្តាអាកាសយាន្តដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ និងច្រកទ្វារព្រំដែនសំខាន់ៗ មួយចំនួនផងដែរ។
ក្នុងជំនួបពិភាក្សា ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានបង្ហាញនូវចំណាប់អារម្មណ៍លើប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន រួមមាន៖ (១) ម៉ាស៊ីនស្គែនដែលបំពាក់នូវបច្ចេកវិទ្យាថ្មីៗចុងក្រោយនិងមានភាពងាយស្រួលក្នុងការចល័តទីតាំង (២) ឧបករណ៍បរិក្ខារតាមដានវិភាគរកគ្រឿងញៀន និងសារធាតុផ្ទុះ (៣) ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ជាជំនួយក្នុងវិភាគរូបភាពស្គែន (៤) ប្រព័ន្ធគ្រប់គ្រងច្រកទ្វារឆ្លាតវៃ (Smart Gate) និង(៥) ប្រព័ន្ធគយឆ្លាតវៃ (Smart Customs)។
ជាមួយគ្នានេះដែរ គណៈប្រតិភូ អគរ ក៏បានទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតឧបករណ៍ត្រួតពិនិត្យ និងម៉ាស៊ីនស្គែនរបស់ក្រុមហ៊ុន NUCTECH ដើម្បីស្វែងយល់អំពីដំណើរការផលិត និងការដំឡើងម៉ាស៊ីនស្គែនគ្រប់ប្រភេទ និងស្តាប់ការធ្វើបទបង្ហាញពីបុគ្គលិកជំនាញរបស់ក្រុមហ៊ុនអំពីដំណោះស្រាយបច្ចេកវិទ្យាថ្មីៗដែលអាចប្រើប្រាស់ជួយសម្រួលដល់កិច្ចប្រតិបត្តិការគយ។
សូមគូសបញ្ជាក់ផងដែរថា អគរ និងក្រុមហ៊ុន NUCTECH បានចាប់ផ្ដើមកិច្ចសហការចាប់តាំងពីឆ្នាំ២០០៣ មក ហើយបច្ចុប្បន្ននេះ អគរ បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនស្គែនកុងតែន័ររបស់ក្រុមហ៊ុន NUCTECH ចំនួន ១៥ គ្រឿង នៅតាមបណ្ដាអង្គភាពគយនិងរដ្ឋាករនានា និងបានសហការរៀបចំដាក់ឱ្យអនុវត្តថ្នាលប្រមូលផ្តុំការត្រួតពិនិត្យទំនិញ ដែលក្នុងនោះមានប្រព័ន្ធសំខាន់ពីរគឺប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ (Electronic Cargo Tracking System – ECTS) និងប្រព័ន្ធប្រមូលផ្តុំរូបភាពស្គែនផងដែរ។

នារសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាន់ ត្រា...
31/07/2026

នារសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាន់ ត្រាប្រណី គុណញឹម ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនដល់បុរីទារកនិងកុមារជាតិ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អំណោយសប្បុរសធម៌ដែលបានផ្តល់ជូនបុរីទារកនិងកុមារជាតិ នាឱកាសនេះ រួមមាន អង្ករចំនួន ១តោន, មី ៣០កេសតូច, ត្រីខ ៥កេសធំ, ទឹកដោះគោខាប់ ១០កេស, ទឹកដោះគោរាវ ១០កេស, ម្សៅទឹកដោះគោ ៣៩កំប៉ុង, នំ ៥កេស, ស្ករស ៥០គីឡូក្រាម, អំបិល ៤០គីឡូក្រាម, សាប៊ូដុំ ១កេស, សាប៊ូម្សៅ ៣ធុង, ខោទឹកនោមកូនក្មេង ៥បាវ, ខោទឹកនោមមនុស្សចាស់ ២០ កញ្ចប់, សំឡីអនាម័យ ២ កេស, ម្សៅលាបខ្លួនកូនក្មេង ១២កំប៉ុង, សាប៊ូលាងដប ៥ដប, ប្រដាប់លាងដប ៥, ឧបករណ៍កាត់សក់ ២, ថ្នាំបន្ថយកម្តៅ ៣ ប្រអប់, កូនឡានក្មេងជិះលេង ២ និងថវិកាឧបត្ថម្ភមួយចំនួនជូនមណ្ឌល រួមទាំងជូនដល់បុគ្គលិកថែទាំចំនួន ៨០នាក់ និងកុមារកំព្រា-កុមារមានជំងឺទាំង ២១៥នាក់ ផងដែរ។
នាឱកាសនោះ លោកជំទាវ ប៉ាន់ ត្រាប្រណី គុណញឹម បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានមកជួបសំណេះសំណាល និងនាំយកនូវអំណោយសប្បុរសធម៌មួយចំនួន មកចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់តម្រូវការចាំបាច់របស់មណ្ឌលនេះ ដែលជាទីជម្រកប្រកបដោយព្រហ្មវិហារធម៌ និងបានផ្តល់ការថែទាំទំនុកបម្រុងដល់កុមារពិការ និងកុមារកំព្រាក្នុងចំនួនដ៏ច្រើន។ ទន្ទឹមនេះ លោកជំទាវ បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃបុរីទារកនិងកុមារជាតិនេះ ដែលបានបំពេញតួនាទីបានយ៉ាងល្អក្នុងការមើលថែ ផ្តល់ភាពកក់ក្តៅ និងបង្រៀនកុមារពិការ មានជំងឺ និងកុមារកំព្រា ទាំងអស់ប្រកបដោយការអត់ធ្មត់ និងទឹកចិត្តអាណិតអាសូរសណ្តោសប្រណី។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០២០មក ឆ្នាំនេះជាឆ្នាំទី៧ហើយ ដែលសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះនាំយកអំណោយសប្បុរសធម៌ចែកជូនដល់បុរីទារកនិងកុមារជាតិ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាលដល់ការលំបាកចំពោះអង្គការ សមាគម មណ្ឌលកុមារកំព្រា និ¬ងជនងាយរងគ្រោះនានា ជាដើម។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមផ្សព្វផ្សាយសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្តជំហា...
24/07/2026

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមផ្សព្វផ្សាយសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្តជំហានដំបូងមុខងារបណ្តឹងតវ៉ាតាមប្រព័ន្ធអនឡាញ។ សូមអរគុណ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារហ...
23/07/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការយន្តការសហប្រតិបត្តិការរវាង អគរ និងសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ព្រមទាំងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយ និងបទប្បញ្ញត្តិគយ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជា-មានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក Lin Shiqiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា សមាជិកសមាគម ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ ព្រមទាំងតំណាងសហគ្រាស និងធុរជន សរុបប្រមាណ ២០០ រូប។
លោក Lin Shiqiang បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អគរ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រការបង្កើតយន្តការសហប្រតិបត្តិការនេះ។ លោកបានបន្ថែមថា អគរ បាននិងកំពុងបន្តពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងកែលម្អបរិយាកាសធុរកិច្ច និងសម្របសម្រួលការបញ្ចេញទំនិញពីគយប្រកបដោយប្រសិទ្ធភាព និងបាន គូសបញ្ជាក់ថា យន្តការសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អគរ ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងគាំទ្រវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន តាមរយៈការបង្កើតវេទិកាពិគ្រោះយោបល់ជាប្រចាំ ការផ្សព្វផ្សាយបទប្បញ្ញត្តិគយ ការដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងការតាមដានលទ្ធផលនៃការអនុវត្តយន្តការនេះ។
ក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin បានសំដែងការអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវយន្តការសហប្រតិបត្តិការនេះនិងបានចាត់ទុកថា នេះជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ឯកឧត្តមបានបង្ហាញជំនឿថា យន្តការនេះនឹងក្លាយជាវេទិកាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាង អគរ និងវិនិយោគិនចិន ជាស្ពានផ្សព្វផ្សាយចំណេះដឹងអំពីបទប្បញ្ញត្តិគយកម្ពុជា និងជាយន្តការ ជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការបង្កើតយន្តការសហប្រតិបត្តិការនេះ គឺជាការបន្តពង្រឹង ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគ និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនបន្តជាវិនិយោគិនធំបំផុត និងជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ បានកើនឡើង ប្រមាណ ២៥,៤% ស្មើនឹងជាង ១១ ពាន់លានដុល្លារអាម៉េរិក។ ក្នុងន័យនេះ អគរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងយន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការជាមួយវិនិយោគិន និងធុរជនចិន ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិថ្មីៗ ស្តាប់កង្វល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។ ឯកឧត្តមក៏បានគូសរំលេចថា ក្នុងនាមជាស្ថាប័ន ប្រតិបត្តិ អគរ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលគយចិនលើវិស័យសំខាន់ៗ រួមមាន ទំនើបកម្ម និងឌីជីថលនីយកម្មរដ្ឋបាលគយ កិច្ចសម្រួលពាណិជ្ជកម្ម ការបង្ការនិងបង្ក្រាបអំពើល្មើសគយ ការកសាងសមត្ថភាព និងជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម ឯកឧត្តម Wang Wenbin និងលោក Lin Shiqiang បានអញ្ជើញជាអធិបតីចុចប៊ូតុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវយន្តការសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា។
បន្ទាប់ពីពិធីសម្ពោធ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញអំពីគោលនយោបាយ និងបទប្បញ្ញត្តិគយ ព្រមទាំងចែករំលែកបទពិសោធ និងករណីអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម ដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចដែលទទួលបានការអនុញ្ញាត (Authorized Economic Operator៖ AEO) និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុលោមតាមបទប្បញ្ញត្តិគយរបស់សហគ្រាស និងអ្នកធ្វើធុរកិច្ចនៅប្រទេសកម្ពុជា។

21/07/2026

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជូនវីដេអូមគ្គុទ្ទេសក៍របៀបនាំចេញផលិតផលកសិកម្មជាបញ្ញើកញ្ចប់តូចៗតាមព្រំដែន។ សូមអរគុណ

21/07/2026

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជូនវីដេអូមគ្គុទ្ទេសក៍របៀបនាំចេញទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែនតាមបញ្ញើប្រៃសណីយ៍ និងបញ្ញើឆាប់រហ័ស។ សូមអរគុណ

នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋ...
21/07/2026

នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគយនិង​រដ្ឋាករមួយចំនួន។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ រួមមាន ចំណូលដែលប្រមូលបានមានចំនួន ៦ ២៧៨,២ ប៊ីលានរៀល កើនឡើងប្រមាណ ៤,៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ត្រូវជាប្រមាណ ៥១,៦% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ក្នុងនោះ សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ ៣៩%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៥%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៥% នៃចំណូលសរុប។ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានគូសរំលេច​នូវ​ការ​ប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កន្លងមក, និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ក្រៅពីការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏សម្រេច​បាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម រួមមាន​ដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយដើម្បីសម្រួលដល់​វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ ជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសអាស៊ាន ផងដែរ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ រួមមានដូចជា ការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលប្រេងឥន្ធនៈនិងឧស្ម័ន, ការបញ្ចុះអត្រា​ពន្ធនិងអាករលើរថយន្តអគ្គិសនីនិងឧបករណ៍ថាមពលសូឡា, ការថមថយនៃតម្រូវការប្រើប្រាស់ក្នុងប្រទេស, និងការកើនឡើងនៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល ជាដើម។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាប​អំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរទាំងលើការងារប្រមូល​ចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់​តែ​ប្រសើរ។

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​ សូមផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ​ ៣៩៩៤/២៦​ ចុះថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ស្តីពី...
17/07/2026

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​ សូមផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ​ ៣៩៩៤/២៦​ ចុះថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ស្តីពីការផ្អាកដំណេីរការបណ្តោះអាសន្នប្រព័ន្ធ​ស្វ័យប្រវត្តិកម្មទិន្នន័យគយ​ (អាស៊ីគូដា) នាថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២៦​ ចាប់ពីម៉ោង​ ១៤:០០​ នាទី​ ដល់ម៉ោង​ ១៥:០០​ នាទី។ សូមអរគុណ

Address

#6-8, Preah Norodom Blvd., Phsar Thmei III, Daun Penh, Phnom Penh
Phnom Penh
12210

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise:

Shortcuts

Share