ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា This is the government institution working on health for the country. Telegram: https://t.me/MOHCambodia

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖-ករណីឆ្លង...
07/08/2026

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖
-ករណីឆ្លងថ្មី ៤នាក់
-ករណីជាសះស្បើយ ៤នាក់
-ករណីស្លាប់ ០នាក់

យុទ្ធនាការចុះពង្រឹងសមត្ថភាព និងពិនិត្យការត្រៀមលក្ខណៈឆ្លើយតបនឹងជំងឺគ្រុនឈាម។—ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ទី០៣ និងអង្គារ ទី០៤ ...
07/08/2026

យុទ្ធនាការចុះពង្រឹងសមត្ថភាព និងពិនិត្យការត្រៀមលក្ខណៈឆ្លើយតបនឹងជំងឺគ្រុនឈាម។


ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ទី០៣ និងអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្លីនិកស្តីពីការថែទាំ និងព្យាបាលជំងឺគ្រុនឈាម ជូនដល់បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាល​នេះ សម្របសម្រួលដោយក្រុមគ្រូបង្គោលជំនាញមកពី មន្ទីរពេទ្យកុមារជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងពង្រឹងការអនុវត្តស្តង់ដាព្យាបាលដល់គ្រូពេទ្យជួរមុខ សំដៅធានាថាប្រជាពលរដ្ឋទទួលបាននូវសេវាថែទាំ ប្រកបដោយគុណភាពខ្ពស់ និងដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយកង្វះខាតសេវាសុខាភិបាលនោះទេ។

បន្ថែមពីនេះ ឯកឧត្តមវេជ្ជបណ្ឌិត និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែង និងវាយតម្លៃការត្រៀមលក្ខណៈឆ្លើយតប របស់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ ទៀត រួមមាន៖ ១)មន្ទីរពេទ្យបង្អែកកោះសូទិន ២)មន្ទីរពេទ្យបង្អែកចំការលើ ៣)មន្ទីរពេទ្យបង្អែកព្រៃឈរ និង៤)មន្ទីរពេទ្យបង្អែកបាធាយ។

ក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តមថ្នាក់ដឹកនាំ បាននាំយកការផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់បុគ្គលិកសុខាភិបាឡ និងអ្នកជំងឺ ព្រមទាំងបានពិនិត្យមើល ​លើការរៀបចំសម្ភារៈបរិក្ខារ ឱសថ សេរ៉ូម និងការរៀបចំគ្រែសម្រាប់អ្នកជំងឺ ដើម្បីធានាថាមូលដ្ឋានសុខាភិបាលនីមួយៗ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសង្គ្រោះអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំផ្តល់សេវាសាធារណៈឱ្យកៀកជាប់នឹងប្រជាជន។

ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានកោតសរសើរដល់ការលះបង់របស់គ្រូពេទ្យទាំងអស់ និងបានក្រើនរំលឹកឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ តាមដានរាល់ករណីសង្ស័យ ព្រមទាំងសម្រួលការបញ្ជូនអ្នកជំងឺ ពីមូលដ្ឋានឯកជន មកកាន់មន្ទីរពេទ្យរដ្ឋ ឱ្យបានលឿនបំផុត ដើម្បីការពារអាយុជីវិតពលរដ្ឋ។

នាឱកាសសួរសុខទុក្ខអ្នកជំងឺក្នុងមន្ទីរពេទ្យ ឯកឧត្តមបានអប់រំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលុបបំបាត់ជម្រកមូស តាមរយៈការកម្ទេចវត្ថុដក់ទឹកនៅជុំវិញផ្ទះ។ ជាការក្រើនរំលឹកបន្ថែម ប្រសិនបើមានសមាជិកគ្រួសារក្តៅខ្លួនខ្លាំង សូមប្រញាប់នាំអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត និងហាមដាច់ខាត ការទិញថ្នាំបញ្ចុះកម្តៅលេបដោយខ្លួនឯង ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៥ អាណត្តិទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។——រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ...
07/08/2026

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៥ អាណត្តិទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
——

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីពិនិត្យវឌ្ឍនភាព នៃការបម្រើសេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ និងចំណូល ចំណាយប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ លើកទី៥ អាណត្តិទី២។

ក្នុងឱកាសប្រជុំក្រុមប្រឹក្សាភិបាល លោកជំទាវសាស្ត្រាចារ្យ បានមានមតិស្វាគមន៍ដល់ ឯកឧត្តម លោក លោកស្រី ដែលមានវត្តមានក្នុងអង្គប្រជុំ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងបុគ្គលិកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សម្រេចបានជាលទ្ធផលល្អប្រសើរ ធ្វើឱ្យចំនួនអតិថិជន ដែលមកទទួលសេវាពិនិត្យ និងព្យាបាលមានការកើនឡើងជាលំដាប់។

លោកជំទាវសាស្ត្រាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលត្រូវពង្រឹង និងបន្តរៀបចំវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់បុគ្គលិក ទាំងបច្ចេកទេសព្យាបាល ទាំងឥរិយាបថថ្លៃថ្នូរ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនវានុវត្តន៍។

កម្ពុជា និង លុចសំបួ ៖ សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំកម្មវិធីគម្រោង «ពង្រឹងសេវាសុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យនៅភាគឦសា...
07/08/2026

កម្ពុជា និង លុចសំបួ ៖ សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំកម្មវិធីគម្រោង «ពង្រឹងសេវាសុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យនៅភាគឦសាននៃប្រទេសកម្ពុជា»
———

រាជធានីភ្នំពេញ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល សហការជាមួយទីភ្នាក់ងារលុចសំបួសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (LuxDev, Luxembourg Development Cooperation Agency) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំកម្មវិធីគម្រោង KHM003 «ពង្រឹងសេវាសុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យនៅភាគឦសាននៃប្រទេសកម្ពុជា» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ពិធីបើកសិក្ខាសាលាប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីគ្រប់ភាគី ដៃគូពាក់ព័ន្ធ អគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី តំណាងអង្គភាពនៃទីស្តីការក្រសួងសុខាភិបាល សាកលវិទ្យាល័យ មជ្ឍមណ្ឌលជាតិ រដ្ឋបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ។

សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបឋមនៃការសិក្សា ពិភាក្សាលើក្របខណ្ឌកម្មវិធី ទិសដៅយុទ្ធសាស្ត្រ ការអន្តរាគមន៍ និងយន្តការអនុវត្តកម្មវិធី KHM003 ដើម្បីធានាថា ឯកសារកម្មវិធីចុងក្រោយមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាក់ស្តែង អាចអនុវត្តបានប្រកបដោយចីរភាព។

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ក្នុងនាមក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនលុចសំបួ តាមរយៈ LuxDev រួមទាំងក្រុមការងាររៀបចំកម្មវិធី រដ្ឋបាលខេត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃ ចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាល ដែលប្រកបដោយគុណភាព សុវត្ថិភាព សមធម៌ និងសំដៅមិនទុកបុគ្គលណាម្នាក់ចោល។

គម្រោងនេះផ្តោតជាបឋមលើខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក្នុងគោលដៅពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងវិស័យអាទិភាពដែលត្រូវបានលើកយកមកពិភាក្សា រួមមាន ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការបំពាក់សម្ភារៈបរិក្ខារពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល សុខភាពបន្តពូជ មាតា ទារក និងកុមារ ការបញ្ចូលឈាម ការថែទាំសុខភាពបឋម គុណភាពសេវា និងការពង្រឹងសមត្ថភាពស្ថាប័ន។ អង្គសិក្ខាសាលាក៏បានផ្តល់មតិយោបល់គន្លឺះ និងអនុសាសន៍សំខាន់ៗ ដើម្បីឱ្យកម្មវិធីឆ្លើយតបទៅនឹងអាទិភាពជាតិ និងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។

ក្នុងពិធីបូកសរុបបឋម ឯកឧត្តម​វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងការផ្តល់ធាតុចូលប្រកបដោយស្ថាបនារបស់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការផ្តល់ការណែនាំគោលនយោបាយ ភាពជាអ្នកដឹកនាំផ្នែកបច្ចេកទេស និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ក្នុងដំណើរការរៀបចំ និងអនុវត្តកម្មវិធីនេះ។

រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវ...
06/08/2026

រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស សម្រាប់អនាគតរបស់កុមារ»
_____

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។

សមិទ្ធផលថ្មីនេះ គឺជាការវិនិយោគ និងការកសាងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ដែលមានភាពធន់ បានកើតចេញពីការខិតខំប្រឹងប្រែងដោយបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ ការផ្តល់អាទិភាពខ្ពស់របស់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនទាំងបច្ចុប្បន្ន និងអនាគត។

ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភពនាពេលនេះ គឺជាសមិទ្ធផលដែលមានអត្ថន័យលើសពីការបញ្ចប់​គម្រោងសាងសង់ ជាងនេះទៅទៀតក៏បានបង្ហាញឱ្យឃើញពីចក្ខុវិស័យរួម ក្នុងការពង្រឹងប្រព័ន្ធសុខាភិបា​លកាន់តែមានគុណភាព ភាពធន់ និងឆ្លើយតបតម្រូវការរបស់ប្រជាជនកាន់តែមានប្រសិទ្ធភាព។ អគារសម្ភពនេះ ជាទ្រព្យសម្បត្តិដ៏សំខាន់មួយ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងគុណភាពសេវា​សង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងទារកទើបនឹងកើត ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកប​ដោយ​សុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ និងតំបន់ជាប់ព្រំដែន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស លើអនាគតរបស់កុមារ និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ» ពោលគឺនៅពេលទារកម្នាក់កើតមកដោយសុវត្ថិភាព មិនមែនត្រឹមតែគ្រួសារមួយទទួលបានសេចក្តីសុខប៉ុណ្ណោះទេ ប្រទេសជាតិទាំងមូល ក៏ទទួលបានអនាគតមួយដ៏ប្រសើរផងដែរ។ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបនឹងកើត ដោយមិនត្រឹមតែបង្កើនចំនួនសេវាប៉ុណ្ណោះទេ ថែមទាំងផ្តោតជាពិសេសលើ គុណភា​ព សុវត្ថិភាព និងលទ្ធផលនៃការថែទាំ ដើម្បីឱ្យស្ត្រីនិងទារកទទួលបានការថែទាំប្រកបដោយសេចក្តីថ្លៃថ្នូរ មនុស្សធម៌ និងស្តង់ដាវិជ្ជាជីវៈខ្ពស់។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចថា ក្នុងបរិបទនៃការអភិវឌ្ឍសុខាភិបាលសកល ការវិនិយោគលើសុខភាពមាតា និងទារក ត្រូវបានចាត់ទុកថា ជាការវិនិយោគដែលផ្តល់ផលតបស្នងខ្ពស់បំផុតសម្រាប់សង្គម។ មាតាមានសុខភាពល្អ អាចចិញ្ចឹមបីបាច់កូនបានល្អ ទារកដែលកើតដោយសុវត្ថិភាព មានឱកាសលូតលាស់ និងអភិវឌ្ឍសក្តានុពលបានពេញលេញ។ ដូច្នេះ ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក មិនមែនជាសូចនាករវិស័យសុខាភិបាលតែមួយប៉ុណ្ណោះទេ ថែមទាំងជាសូចនាករអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិទាំងមូលផងដែរ។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋកូរ៉េ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (Korea Official Development Assistant-K-ODA) រួមមាន KOFIH និង KOICA បានចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា និងបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងថ្នាក់ដឹកនាំខេត្ត មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត លោកប្រធានមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) ប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំមន្ត្រីសុខាភិបាល អភិបាល អភិបាលរងក្រុង ស្រុក សមាជិកក្រុមប្រឹក្សា មេឃុំ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

សូមជម្រាបជូនថា អាគារសម្ភព និងរោគស្ត្រី នេះមានទំហំ ១៥x៥០ម៉ែត្រ កម្ពស់ ០១ជាន់ផ្ទាល់ដី ដំបូលក្បឿង ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ចំណាយថវិកាសរុបប្រមាណចំនួន ៣៩៨,៣៩៥.៩៨ ដុល្លារ មិនរួមបញ្ជូលសម្ភារៈបរិក្ខារពេទ្យ។ អគារនេះមានចំនួន ២៨បន្ទប់ បន្ទប់ទឹក១២ ជនពិការចំនួន ០២ វិសាលភាពក្នុងការផ្តល់សេវាសំខាន់ៗដូចជា៖ ១) សម្រាលធម្មជាតិ បូម និងដោយវះកាត់ ២) ការថែទាំព្យាបាលទារកកម្រិតបឋម ៣) ស្រាវជ្រាវមហារីកមាត់ស្បូន ៤) ព្យាបាលរោគស្ត្រី ៥) ចាក់វាក់សាំង ៦) ពន្យាកំណើត ៧) អេកូសាស្រ្ត និង៨) ពិនិត្យផ្ទៃពោះមុន-ក្រោយសម្រាល។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែង...
06/08/2026

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសួនរុក្ខជាតិអង្គរ នៅតំបន់បេតិកភណ្ឌអង្គរ ដែលមានជីវចម្រុះ និងប្រភេទរុក្ខជាតិសំខាន់ៗជាច្រើន ហើយក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវអភិរក្សពូជរុក្ខជាតិដ៏សំខាន់មួយនៅក្នុងខេត្តសៀមរាប មានទំហំធំប្រមាណ ១៥ ហិកតា ប្រមូលផ្តុំទៅដោយរុក្ខជាតិនានារាប់ពាន់ប្រភេទ ជាពិសេសរុក្ខជាតិឱសថបុរាណ ដែលប្រជាជនខ្មែរប្រើប្រាស់ធ្វើជាឱសថបុរាណតាំងពីបុរាណកាល។

ក្នុងការចុះទស្សនកិច្ចនេះ ក្នុងគោលបំណងក្នុងការស្វែងយល់ពីការរៀបចំ ការអភិរក្សរុក្ខជាតិឱសថបុរាណនេះ ដើម្បីយកទៅអភិវឌ្ឍ និងកិច្ចសហការគ្នារវាង សួនរុក្ខជាតិឱសថបុរណ មានទីតាំងនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ នៃក្រសួងសុខាភិបាល ដែលជាទីកន្លែងគួរជាទីទស្សនា ដល់ភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ និងអ្នកសិក្សាស្រាវជ្រាវនូវប្រភេទរុក្ខជាតិឱសថបុរាណខ្មែរយើង។

សៀមរាប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦

ការចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំ...
06/08/2026

ការចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» នៅខេត្តមណ្ឌលគិរី។
——

ខេត្តមណ្ឌលគិរី​៖ ថ្ងៃចន្ទ ទី៣ និងថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល តាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមវេជ្ជបណ្ឌិត​ លី​ ឈួង​ រដ្ឋលេខាធិការ និងឯកឧត្ដម​វេជ្ជបណ្ឌិត​ ស្រូយ​ អាដុល្លារ​ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺគ្រុនឈាម ដោយសហការជាមួយមន្ទីរពេទ្យកុមារជាតិ។

គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេស និងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាមបានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្នាក់ដឹកនាំទាំងពីររូបបានជួបសំណេះសំណាល ក្នុងពិធីបើកបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់នូវអនុសាសន៍ដល់សិក្ខាកាម ឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីសាស្រ្តាចារ្យ ដែលជាអ្នកឯកទេសនៃជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាព ដើម្បីក្លាយជាគ្រូបង្គោលប្រចាំមន្ទីរពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាលបន្ត ទៅដល់សហការីជាគ្រូពេទ្យ ជាគិលានុបដ្ឋាកនៅពេលបន្តបន្ទាប់ទៀត។

បន្ទាប់ពីបើកវគ្គបណ្តុះបណ្តាលរួច ថ្នាក់ដឹកនាំបានអញ្ជើញចុះអភិបាលពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម នៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកក្នុងភូមិសាស្រ្ត នៃខេត្តមណ្ឌលគិរី ដោយផ្តោតលើ៖
-ការងារគ្រប់គ្រង បែងចែកអ្នកជំងឺសម្រាកពេទ្យ ជាពិសេសអ្នកជំងឹគ្រុនឈាម ដែលកំពុងតែមានចំនួនច្រើនពោរពេញ ឱ្យសមស្រប ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីការថែទាំ ព្យាបាល និងតាមដានជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
-ការងារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានកម្រិតខ្ពស់ជាង ឱ្យទាន់ពេលវេលា តាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាព។
- ការផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីលប់បំបាត់ជម្រកមូសដែលជាភ្នាក់ចម្លងជម្ងឺគ្រុនឈាម។

សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពី ឯកឧត្តម​ ជាក់​ ម៉េងហ៊ាង​ អភិបាលរងខេត្ត​ នៃគណៈអភិបាលខេត្ត​មណ្ឌលគីរី លោក​ លោកស្រី ជាវេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកមកពីគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងខេត្តមណ្ឌលគិរី។

ជំនួបពិភាក្សាជាមួយគណៈប្រតិភូអង្គការ UNOPS ដើម្បីពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការបន្ត។——រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព...
06/08/2026

ជំនួបពិភាក្សាជាមួយគណៈប្រតិភូអង្គការ UNOPS ដើម្បីពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការបន្ត។
——

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូអង្គការ United Nations Office for Project Services (UNOPS) ដឹកនាំដោយលោកស្រី Eda Kraja ប្រធានតំណាងប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គការ UNOPS តែងតែចូលរួមក្នុងការគាំទ្រដល់កម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេង ព្រមទាំងផ្នែកលទ្ធកម្មសម្ភារៈសុខាភិបាល និងឧបករណ៍វេជ្ជសាស្ត្រ ក្នុងអំឡុងពេលឆ្លើយតបនឹងជំងឺកូវីដ-១៩ កន្លងមក។

ក្នុងជំនួបនេះ លោកស្រី Eda Kraja បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានបន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តកម្មវិធីសុខាភិបាលនានានៅកម្ពុជា និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ UNOPS ក្នុងការបន្តគាំទ្រកិច្ចសហប្រតិបត្តិការនេះ ជូនដល់ក្រសួងសុខាភិបាល។

គណៈប្រតិភូ UNOPS ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ (RAI4E) ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) ក៏ដូចជាការគាំទ្រផ្នែកលទ្ធកម្មឱសថ សម្ភារៈវេជ្ជសាស្ត្រ និងបរិក្ខារសុខាភិបាល សម្រាប់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) ក្រោមការគាំទ្រពីមូលនិធិសកល (Global Fund)។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងលទ្ធកម្ម ការធានាគុណភាពនៃការផ្គត់ផ្គង់ និងការប្រើប្រាស់ថវិកាឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ព្រមទាំងការរៀបចំផែនការសម្រាប់ការអនុវត្តការងារក្នុងរយៈពេលដែលនៅសល់នៃឆ្នាំ២០២៦។

ជាមួយគ្នានេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារៈសុខាភិបាល ការគ្រប់គ្រងស្តុក ការធ្វើផែនការលទ្ធកម្ម ការពង្រឹងប្រព័ន្ធគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ និងការប្រើប្រាស់ទិន្នន័យសម្រាប់ការព្យាករណ៍តម្រូវការឱសថ និងសម្ភារៈវេជ្ជសាស្ត្រ។

លោកជំទាវរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNOPS ក្នុងការលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងលទ្ធកម្មសុខាភិបាល។

ជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមក្របខណ្ឌគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល...
06/08/2026

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមក្របខណ្ឌគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ នៅកម្ពុជា។
——

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ នៅកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីក្នុងឆមាសទី១ ឆ្នាំ២០២៦ ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំរបាយការណ៍ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ព្រមទាំងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីដាក់ចេញនូវដំណោះស្រាយ និងវិធានការកែលម្អសម្រាប់ការអនុវត្តនៅឆមាសបន្ទាប់។

ជាលទ្ធផល កិច្ចប្រជុំបានវាយតម្លៃថា៖
- ការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ទាំងផ្នែកសូចនាករកម្មវិធី ការងារលទ្ធកម្ម និងការប្រើប្រាស់ថវិកាហិរញ្ញប្បទានឥតសំណងមូលនិធិសកល ប្រកបដោយប្រសិទ្ធភាព។
- អង្គប្រជុំបានផ្តល់មតិយោបល់ និងអនុសាសន៍សំខាន់ៗជាច្រើន ដែលនឹងត្រូវបញ្ចូលជាធាតុចូលក្នុងការរៀបចំរបាយការណ៍ប្រចាំឆមាស ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមតម្រូវការរបស់ម្ចាស់ជំនួយ និងអាចដាក់ជូនមូលនិធិសកលបានទាន់ពេលវេលាកំណត់។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលដ៏គួរឱ្យមោទនភាពរបស់ប្រទេសកម្ពុជា ដែលទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ ក្នុងឱកាសចូលរួម សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍លើកទី២៦ (AIDS 2026) ដែលបានប្រារព្ធធ្វើនៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ ក្នុងនោះ ប្រទេសកម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ ដែលសម្រេចបានគោលដៅ ៩៥-៩៥-៩៥ មុនផែនការកំណត់ ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និងជាការបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងកម្មវិធីជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី។ ជាពិសេស លោកជំទាវ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃកម្មវិធីសុខាភិបាលនៅកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ មន្ត្រីគម្រោងមូលនិធិសកល និងតំណាងដៃគូអភិវឌ្ឍន៍ រួមមាន UNAIDS, UNOPS, CHAI, LFA, KHANA, RHAC, CHC, CRS, FHI 360, HACC និង Chhouk Sar Association សរុបចំនួន ៤៦នាក់។

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖-ករណីឆ្លង...
06/08/2026

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖
-ករណីឆ្លងថ្មី ១០នាក់
-ករណីជាសះស្បើយ ៤នាក់
-ករណីស្លាប់ ០នាក់

Address

Phnom Penh
12152

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85523885970

Alerts

Be the first to know and let us send you an email when ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share