07/07/2026
ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្លូវនេះ មានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ត្រូវបានពង្រីកពី ២គន្លង ទៅជា ៤គន្លង ក្រាលបេតុងកៅស៊ូ (AC ) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែកកម្រាស់ ២៦សង់ទីម៉ែត្រ ព្រមទាំងមានសួនពុះចែកទ្រូងផ្លូវ។ លើសពីនេះទៅទៀត កំណាត់ផ្លូវជាតិមួយនេះ បានរួមបញ្ចូលការសាងសង់ និងពង្រីកស្ពានចំនួន ៨កន្លែង, ស្ថានីយជញ្ជីងថ្លឹងរថយន្ត ២កន្លែង, ភ្លើងសញ្ញាចរាចរណ៍, បង្គោលសំឡេងសម្រាប់ជនពិការ និងប្រព័ន្ធលូ ព្រមទាំងផ្លាកសញ្ញាសុវត្ថិភាពនានា។ គម្រោងនេះចំណាយថវិកាសរុបជាង ១១៧ លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ មីន និងពន្ធ។
សក្តានុពលសេដ្ឋកិច្ច ការតភ្ជាប់ និងទេសចរណ៍
ផ្លូវជាតិលេខ ៧ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលតភ្ជាប់ជាមួយផ្លូវជាតិលេខ៦, ៦០, ៧០, ៧១ និងផ្លូវខេត្តនានា ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តំបន់ភូមិភាគឦសាន ព្រមទាំងជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១១ ភ្ជាប់ទៅកាន់មហាអនុតំបន់មេគង្គ។ ផ្លូវនេះជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលសំខាន់ៗ ដូចជា កៅស៊ូ ចន្ទី ស្រូវ ដំឡូងមី ផ្លែឈើ ផ្សេងៗព្រមទាំងជំរុញវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម និងផ្តល់អត្រាផលចំណេញផ្នែកសេដ្ឋកិច្ច (EIRR) ខ្ពស់រហូតដល់ ១៥,២៧% សម្រាប់ជាតិ។
#ផ្លូវជាតិលេខ៧ #សរសៃឈាមសេដ្ឋកិច្ច #ហេដ្ឋារចនាសម្ព័ន្ធ #ការអភិវឌ្ឍ #យុទ្ធសាស្ត្របញ្ចកោណ #រាជរដ្ឋាភិបាលកម្ពុជា