10/07/2026
នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា (តំណាង ឧកញ៉ាបណ្ឌិត ប្រធាន ហ៊ុយ ភៀវ) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់» ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។
ពិធីនេះក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នដៃគូ ផ្នែកឯកជន អង្គទូតបរទេសប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ តំណាងសមាគមធុរកិច្ចជាតិ-អន្តរជាតិ និងក្រុមហ៊ុនឯកជនជាច្រើនទៀត។
សូមរំលឹកថា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវ វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់របស់ផ្នែកឯកជន រួមមាន៖ ១. ការកែសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគ, ២. ការសម្រាលបន្ទុកលើអនុលោមភាព, ៣. ការសម្រួលផ្នែកពន្ធដារ, ៤. ការសម្រួលផ្នែកគយ, ៥. ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ៦. ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍, ៧. ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម, ៨. វិស័យធនាគារ និងហិរញ្ញវត្ថុ, ៩. វិស័យរ៉ែ និងថាមពល, ១០. វិស័យសំណង់ និងអចលនទ្រព្យ និង ១១. បញ្ហាផ្សេងៗ។
គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ នេះ ក្នុងចំណោមវិធានការសរុប ១៧៩ ដែលបានដាក់ចេញ មានវិធានការចំនួន ១៦៩ (ស្មើនឹង ៩៤,៤%) ត្រូវបានដោះស្រាយសម្រេចជាស្ថាពរ ចំណែកឯ ១០ វិធានការទៀត (ស្មើនឹង ៥,៦%) កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលគន្លឹះទី២ (Milestone 2) ដែលទាមទារឱ្យមានការសម្របសម្រួលកម្រិតខ្ពស់អន្តរក្រសួង និងការធ្វើវិសោធនកម្មច្បាប់។
ក្នុងឱកាសនោះដែរអ្នកឧកញ៉ា គិត ម៉េង បានអំពាវនាវដល់ អង្គការ សមាគមទាំងអស់ រួបរួមគ្នាដើម្បីផលប្រយោជន៍ប្រទេសកម្ពុជាយើងទាំងមូល។