25/07/2026
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ "លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ "
===============
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ បានរៀបចំ «កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល រយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» ដែលលទ្ធផលនេះត្រូវបានក្រសួងយុត្តិធម៌ប្រកាសផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមគ្នារវាង ឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និង ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការ ប្រធាន-អនុប្រធាននាយកដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាល សរុបប្រមាណ ៦០រូប ។
ក្រៅពីការផ្សព្វផ្សាយខ្លឹមសារលទ្ធផលយុទ្ធនាការខាងលើ អង្គពិធីបានលើកយករបៀបវារៈការងារស្នូលមួយចំនួនមកពិភាក្សាផងដែរ រួមមាន ៖ កិច្ចការរដ្ឋបាលតុលាការ , ការងារបច្ចេកទេសនៃចំណាត់ការសំណុំរឿង និង បញ្ហាប្រឈមផ្សេងៗ ។
តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអង្គពិធីបានគូសបញ្ជាក់ថា លទ្ធផលការងាររយៈពេល ៦ខែ ដើមឆ្នាំ២០២៦ នេះ គឺជាសូចនាករយ៉ាងសំខាន់សម្រាប់វាស់វែងនូវប្រសិទ្ធភាព និងសមិទ្ធផលដែលសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់សម្រេចបាននាពេលកន្លងមក ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គពិធី ក៏បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលជាតួអង្គប្រតិបត្តិផ្ទាល់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារបច្ចេកទេសសំណុំរឿង និងបង្ហាញការប្តេជ្ញាចិត្តឱ្យបានម៉ឺងម៉ាត់ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយលើវិស័យយុត្តិធម៌ ក្រោមការដឹកនាំរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ជាពិសេស ត្រូវផ្តោតលើសំណុំរឿងអាទិភាពទាំង ៥ រួមមាន៖ ១-សំណុំរឿងអត្រានុ កូលដ្ឋាន , ២-សំណុំរឿងចរាចរណ៍ , ៣-សំណុំរឿងគ្រឿងញៀន , ៤-សំណុំរឿងក្មេងទំនើង និង ៥-សំណុំរឿងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
ដើម្បីបង្កើនល្បឿន និងតម្លាភាពក្នុងការចាត់ការសំណុំរឿង ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ បានផ្តល់អនុសាសន៍ណែនាំជាយុទ្ធសាស្ត្រចំនួន ៣ចំណុច រួមមាន ៖ ទី១. គ្រប់សំណុំរឿងដែលក្រុមប្រឹក្សាជំនុំជម្រះទទួលបាន ត្រូវតែរៀបចំឱ្យមានកម្មវិធីជំនុំជម្រះដាច់ខាត ដោយគ្មានសំណុំរឿងណាមួយទំនេរគ្មានកម្មវិធីជំនុំជម្រះនោះទេ ។ ទី២. កាលបរិច្ឆេទជំនុំជម្រះ ត្រូវតែដំណើរការទៅមុខឱ្យខានតែបាន ប្រសិនបើមានលក្ខខណ្ឌផ្លូវច្បាប់គ្រប់គ្រាន់ ។ ទី៣. ក្រោយបញ្ចប់ការប្រកាសសាលដីកា ដាច់ខាតត្រូវតែមានសេចក្តីសម្រេចផ្លូវការភ្លាមៗប្រកបដោយគុណភាព ។ ជាចុងក្រោយ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា ចំពោះសំណុំរឿងដែលបានជំនុំជម្រះរួច ហើយគ្មានសាលដីកា ស្មើនឹងមិនបានចាត់ការ ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ នាថ្ងៃដដែល ក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់៕