04/09/2026
ឯកឧត្តមឯកអគ្គរាជទូត ជួបពិភាក្សាការងារជាមួយលោក Kim Yong-ha សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Konyang University
នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក Kim Yong-ha សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Konyang University នៅតំបន់នួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនៃជំនួប លោកសាកលវិទ្យាធិការ បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត ថាសាកលវិទ្យាល័យ Konyang ជាសាកលវិទ្យាល័យឯកជន មានឯកទេសលើជំនាញវេជ្ជសាស្ត្រ និងឧស្សាហកម្មយោធា។ លោកក៏បានលើកឡើងអំពីគម្រោងសហប្រតិបត្តិការកន្លងមក រវាងសាកលវិទ្យាល័យ និងក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងគម្រោងបណ្តុះបណ្តាលជំនាញផ្នែកសុខភាពភ្នែកសម្រាប់គ្រូពេទ្យនៃមន្ទីរពេទ្យអង្គឌួង និងកម្មវិធីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សាបន្ថែមលើជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យផងដែរ។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យសម្រាប់សមិទ្ធិផលគម្រោង ដែលបានអនុវត្តកន្លងមក នៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន ៣ រួមមាន៖ ១) ស្នើសាកលវិទ្យាល័យពិនិត្យលទ្ធភាពផ្តល់កូតាអាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា ២) បង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកគិលានុបដ្ឋាក និង ៣) បង្កើតចំណងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យការពារជាតិកម្ពុជា។
#ពលករខ្មែរនៅកូរ៉ #ពលករកូរ៉េ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរតែមួយ #ខ្មែរជួយខ្មែរ #ស្ថានទូតកម្ពុុជានៅកូរ៉េ