16/07/2026
ឯកឧត្ដម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អមដោយលោក សួស សង្វាត លេខាធិការទី១ នៃស្ថានទូត លោក គីម ប៊ុនសុជាតិ Chief Executive Officer of ACLEDA MFI Myanmar Co., Ltd និងអ្នកជំនួញកម្ពុជានៅមីយ៉ាន់ម៉ាបានជួបសម្ដែងការគួសមជាមួយលោក AYE Win, ប្រធាន Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) នៅលេខាធិការដ្ឋាន នៃ UMFCCI នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ចទៅវិញទៅមកកាន់តែច្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ឯកឧត្ដម ចេង ម៉ានិតបានជម្រាបជូនលោកប្រធាន UMFCCI អំពីបរិយាកាសសន្តិភាព ការរីកចម្រើនសេដ្ឋកិច្ច និងសង្គម សក្តានុពល នៃការវិនិយោគ និងនយោយបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងការបើកចំហចំពោះអ្នកវិនិយោគទុនបរទេសលើវិស័យទាំងអស់នៅកម្ពុជាដោយគ្មានការរឹតត្បិត។ ឯកឧត្តមក៏បានស្នើលោកប្រធាន UMFCCI ជួយផ្សព្វផ្សាយ និងអញ្ជើញតំណាងក្រុមហ៊ុនមីយ៉ាន់ម៉ាចូលរួម Cambodia Agriculture Forum & Exhibition (CAFE26) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ និងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពនៃការវិនិយោគ។