14/08/2026
(ទីក្រុងហូជីមិញ, វៀតណាម)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំប្រតិភូធុរកិច្ចកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់អំពីសកម្មភាពផលិតកម្ម និងអាជីវកម្មនៅក្រុមហ៊ុន HungHau Holding នាទីក្រុងហូជីមិញ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុន HungHau Holding បានជម្រាបជូនប្រតិភូអំពីប្រតិបត្តិការរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Nakydaco ដែលជាសហគ្រាសមានបទពិសោធន៍ និងជំនាញខ្ពស់ក្នុងការផលិត និងកែច្នៃប្រេងបន្លែ និងរុក្ខជាតិសម្រាប់ចម្អិនអាហារ ព្រមទាំងផលិតផលកសិកម្ម និងអាហារកែច្នៃផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ភាគីក្រុមហ៊ុនបានចែករំលែកនូវបទពិសោធន៍លើដំណើរការខ្សែសង្វាក់ផលិតកម្ម ការអនុវត្តបច្ចេកវិទ្យា ប្រព័ន្ធគ្រប់គ្រងគុណភាព ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ។
ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់ប្រតិភូធុរកិច្ចកម្ពុជា ក្នុងការសិក្សាឈ្វេងយល់អំពីបច្ចេកវិទ្យា ខ្សែសង្វាក់ផលិតកម្ម និងបទពិសោធន៍គ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនវៀតណាម ព្រមទាំងជាស្ពានចងភ្ជាប់ទំនាក់ទំនង ដើម្បីស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ចជាក់ស្តែងនាពេលអនាគត។
តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធពីការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ ភាគីពាក់ព័ន្ធនឹងបន្តជំរុញ និងស្វែងរកឱកាសធុរកិច្ចថ្មីៗបន្ថែមទៀត ដើម្បីភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសកម្ពុជា និងវៀតណាម សំដៅពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងរួមចំណែកលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
(Ho Chi Minh City, Vietnam): On 14 August 2026, the Commercial Attaché attached of the Royal Embassy of Cambodia to the Socialist Republic of Vietnam coordinated and led a Cambodian business delegation on a study visit to explore production and business operations at HungHau Holding in Ho Chi Minh City.
During the visit, representatives from HungHau Holding briefed the delegation on the operations of its subsidiary, Nakydaco, an enterprise with extensive experience and expertise in producing and processing vegetable cooking oils, as well as various agricultural and processed food products. Additionally, the company shared insights into its production line processes, technology implementation, quality management systems, food safety standards, and market development strategies.
This visit served as a vital opportunity for the Cambodian business delegation to gain firsthand insights into the technology, supply chains, and business management expertise of Vietnamese enterprises. It also functioned as a bridge to foster connections and explore potential avenues for practical business cooperation in the future.
Through the close coordination of the Cambodia Commercial Office in Ho Chi Minh City, stakeholders will continue to promote and identify new business opportunities to connect Cambodian and Vietnamese enterprises—aiming to strengthen supply chains and contribute to boosting bilateral trade volume between the two nations.